ហាម៉ាស ជ្រើសរើសមេដឹកនាំថ្មី ចំពោះមុខការជំរុញឱ្យរំសាយអាវុធ
ហ្កាហ្សា៖ ហាម៉ាស ត្រូវបានគេរំពឹងថាបោះឆ្នោតរកមេដឹកនាំថ្មី នៅក្នុងខែមករានេះ ដោយប្រភពចំនួនពីរនៅក្នុងក្រុម បានប្រាប់ Reuters ថាគឺដើម្បីបំពេញតួនាទីទំនេរ ចាប់តាំងពីអ៊ីស្រាអែលសម្លាប់អតីតមេដឹកនាំ លោក Yahya Sinwar ក្នុងឆ្នាំ ២០២៤ ទោះបីជាបារម្ភថាអ្នកកាន់តំណែងក្រោយ អាចមានជោគវាសនាដូចគ្នាក៏ដោយ។
លោក Khalil Al-Hayya និងលោក Khaled
Meshaal ត្រូវបានគេមើលឃើញថា ជាអ្នកនាំមុខសម្រាប់តួនាទីដ៏សំខាន់
ក្នុងក្រុមសកម្មប្រយុទ្ធមួយនេះ។ អ្នកទាំងពីររស់នៅប្រទេសកាតា
ហើយស្ថិតក្នុងចំណោមក្រុមប្រឹក្សា ៥នាក់ដែលគ្រប់គ្រងហាម៉ាស ចាប់តាំងពីការសម្លាប់លោក
Sinwar ដែលជាមេគំនិតនៃការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ លើទឹកដីអ៊ីស្រាអែល។
ប្រភពដដែលបន្តថា
ដំណើរការជ្រើសរើសបានចាប់ផ្តើមហើយ។ មេដឹកនាំមួយរូប
ត្រូវជ្រើសរើសក្នុងការបោះឆ្នោតសម្ងាត់ ដោយក្រុមប្រឹក្សា Shoura របស់ហាម៉ាស ដែលជាស្ថាប័នមានសមាជិក ៥០នាក់ រស់នៅក្នុងតំបន់ West Bank ហ្កាហ្សា និងខ្លះទៀតនិរទេសខ្លួន។ អ្នកនាំពាក្យរបស់ហាម៉ាស
បានបដិសេធធ្វើអត្ថាធិប្បាយ។
សូមជម្រាបថា
អ្នកកាន់តំណែងមេដឹកនាំហាម៉ាសមុន លោក Sinwar គឺលោក Ismail
Haniyeh ក៏ត្រូវបានធ្វើឃាតដោយអ៊ីស្រាអែលផងដែរ។
ក្រោយធ្វើសង្រ្គាមអស់រយៈពេលពីរឆ្នាំ ជាមួយអ៉ីស្រាអែលនៅហ្កាហ្សា
ក្រុមនេះកំពុងប្រឈមនឹងការទាមទារពីអន្តរជាតិឱ្យរំសាយអាវុធ៕

Post a Comment