វិស័យទេសចរណ៍កម្ពុជានៅតែបន្តរក្សាភាពធន់ និងបន្តរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិក ក.ផ.ផ. ដែលមាន ឯកឧត្តម លោកជំទាវ មកពីក្រសួង ស្ថាប័នរដ្ឋ និង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមកពីផ្នែកឯកជន ព្រមទាំងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. សរុបប្រមាណ ៣០រូប។
សូមបញ្ជាក់ជូនថានេះក៏ជាកិច្ចប្រជុំលើកទី៨
របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
ដែលរៀបចំឡើងក្នុងគោលបំណង ៖ (១) ពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានក្នុងឆ្នាំ២០២៥, (២) ការវាយតម្លៃអំពី ចំណុចខ្លាំង, ចំណុចខ្វះខាត,
បញ្ហាប្រឈម និងសំណូមពរ, និង (៣)
កំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។
អង្គប្រជុំបានកត់សម្គាល់
និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លង
គឺពិតណាស់កើតចេញពីការតម្រង់ទិសជាប់ជាប្រចាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, សសរស្តម្ភយុទ្ធសាស្ត្រទាំង៦របស់វិស័យទេសចរណ៍
បានខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញសមត្ថកិច្ចរៀងៗខ្លួន
ក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម
ដើម្បីរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិដែលបាននិងកំពុងប្រឈម។
ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល
ក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិការណ៍និងអរិភាពដែលកើតមានឡើងនាពេលបច្ចុប្បន្ន
ជាមួយនឹងស្ថានភាពកាន់តែប្រែប្រួលរហ័សជាងការរំពឹងទុក មានដូចជា
ទស្សនវិស័យសេដ្ឋកិច្ចសកលនៅតែបន្តត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ, ភូមិសាស្ត្រនយោបាយនៅបន្តស្ថានភាពតាងតឹង, ការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា
គឺជាកាលៈទេសៈដ៏លំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់
ក្នុងស្មារតីសាមគ្គីភាពរួបរួមឯកភាពជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល
ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត, ពង្រឹងភាពធន់បន្ថែមទៀត និង
ពង្រឹងភាពម្ចាស់ការបន្ថែមទៀត។
ក្នុងន័យនេះ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ
និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការគន្លឹះ
ទិសដៅការងារបន្ត និងសកម្មភាពអនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ២០២៦ សំដៅម៉្យាង
បន្តរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា, និង
ម៉្យាងទៀតបន្តជំរុញសន្ទុះវិស័យទេសចរណ៍
ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត
បត់បែនឱ្យទាន់សភាពការណ៍ និង មានភាពប្រយ័ត្នប្រយែងខ្ពស់៕





Post a Comment