ឆ្នំា២០២៥ កម្ពុជាទទួលចំណូលជាង ៨៣២លានដុល្លារ កើនឡើង២៤% ពីទិន្នផលជ័រកៅស៊ូ និងឈើកៅស៊ូ
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជាង ៨៣២លានដុល្លារ កើនឡើង២៤% ពីទិន្នផលជ័រកៅស៊ូ និងឈើកៅស៊ូ។
របាយការណ៍បានបញ្ជាក់ថា
ចំណូលសរុបគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៨៣២
៤៨៤ ៩២៦ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញ ជ័រកៅស៊ូ ចំនួន២២៣ ០៤១ ២៥៩ដុល្លារ, ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន២២៣ ០៤១ ២៥៩ដុល្លារ
និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៦ ១៩៩ ០៧៣ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែធ្នូ
ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ៣៤៣ ៧៦២តោន ថយចុះចំនួន ៤៨ ៣៣៣តោន
ស្មើនឹង១២.៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ
សម្រេចបានចំនួន ៣០ ២៣៨ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែធ្នូ
ឆ្នាំ២០២៥ ថ្លៃ ១ ៧៥៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៦៣ដុល្លារ ក្នុងមួយតោន
ស្មើនឹង៣.៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ពេញមួយឆ្នាំ២០២៥នេះ
ការគ្រប់គ្រងប្រមូលផលកែច្នៃ និងធុរកិច្ច នៅតាមបណ្តាក្រុមហ៊ុន ចម្ការកៅស៊ូ
និងកៅស៊ូគ្រួសារ មានដំណើរការជាធម្មតា និងពុំមានផលប៉ះពាល់ជាអវិជ្ជមានបណ្ដាមកពីបញ្ហាជម្លោះព្រំដែននោះទេ។
សូមជម្រាបថា
កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៤៦
៨៤២ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ១០១ ២០៨១៨៤ហិកតា ស្មើនឹង២៣%។
ជ័រកៅស៊ូកម្ពុជា ក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៧
ដែលកំពុងតែដំណើរការផងដែរ រួមមាន៖ នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជារកចំណូលបាន
ពីការលក់ផលិតផលកៅស៊ូជាង ៦៧១លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន
៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២៣៕

Post a Comment