ក្រុមអ្នកបើកបររថយន្តដឹកទំនិញផ្ទុះការតវ៉ានៅមុខស្នាក់ការគយ បន្ទាប់ពីមានការដំឡើងតម្លៃបង់ផ្លូវ (បង់ថ្លៃក្បាលឡាន)
អត្ថបទ : ទ្រី ហៀន
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកបើកបររថយន្តដឹកទំនិញជាច្រើននាក់ បានលើកគ្នាមកធ្វើការតវ៉ានៅមុខស្នាក់ការគយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
បើតាមការលើកឡើងពីក្រុមអ្នកបើកបរថយន្តដឹកទំនិញដែលបានចូលរួមក្នុងការតវ៉ាបានឱ្យដឹងថា មូលហេតុចម្បងគឺដោយសារការមិនពេញចិត្តចំពោះការកំណត់តម្លៃបង់ប្រាក់"ក្បាលឡាន" នៅទីតាំងខាងលើ ដដែលតម្រូវឱ្យបង់ចំនួន ៧០,០០០ រៀល (ប្រាំពីរមុឺនរៀល) ក្នុងរថយន្តមួយគ្រឿង ហើយក្រុមអ្នកតវ៉ាស្នើសុំត្រឹមចន្លោះពី ៣០,០០០ រៀល ទៅ ៤០,០០០ រៀលប៉ុណ្ណោះ។
ក្រុមអ្នកតវ៉ាបានបញ្ជាក់ទៀតថា ការដំឡើងថ្លៃដល់ទៅ ៧០,០០០ រៀលនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្រៃដែលពួកគេទទួលបាន ក៏ដូចជាបង្កការលំបាកក្នុងរបរទទួលទានប្រចាំថ្ងៃ ដូច្នេះហើយទើបពួកគាត់បានមកជួបជុំគ្នាដើម្បីស្វែងរកអន្តរាគមន៍ និងសុំការយោគយល់ពីមន្ត្រីគយប្រចាំការនៅទីនោះ ដើម្បីបញ្ចុះតម្លៃមកត្រឹមកម្រិតសមរម្យមួយដែលពួកគាត់អាចទទួលយកបាន។
ពាក់ព័ន្ធករណីនេះដែរ បើតាមមន្ត្រីនៅគោលដៅខាងលើបានធ្វើការបដិសេធថា ពួកគាត់មិនបានដឹងរឿងនេះទេ ចំណែកលោកប្រធានសាខាគយ និងរដ្ធការខេត្តតាកែវ ក៏មិនទាន់អាចស្វែងរកសុំការបំភ្លឺបាននូវឡើយទេគិតត្រឹមម៉ោងផ្សាយនេះ រីឯលទ្ធផលយ៉ាងណានោះ ក៏មិនទាន់ដឹងនូវឡើយទេ៕(សូមរង់ចាំតាមដានព័ត៌មានលម្អិតអំពីករណីនេះ)៕ (មាន Video)






Post a Comment