អេមីរ៉ាតអារ៉ាប់រួម ដកកងកម្លាំងប្រឆាំងភេរវកម្មពីយេម៉ែន និងបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាពអារ៉ាប៊ីសាអូឌីត

អាប៊ូដាប៊ី៖ អេមីរ៉ាតអារ៉ាប់រួម (UAE) នៅថ្ងៃអង្គារនេះ បានប្រកាសជាផ្លូវការអំពីការដកកងកម្លាំងប្រឆាំងភេរវកម្មដែលនៅសេសសល់ទាំងអស់ចេញពីប្រទេសយេម៉ែន។ ការសម្រេចចិត្តនេះត្រូវបានអះអាងថា ធ្វើឡើងដោយផ្អែកលើការវាយតម្លៃនៃការវិវត្តថ្មីៗ និងក្តីបារម្ភចំពោះសុវត្ថិភាព ក៏ដូចជាប្រសិទ្ធភាពនៃប្រតិបត្តិការដែលកំពុងបន្ត។

ក្រសួងការពារជាតិ UAE បានបញ្ជាក់ថា ខ្លួនបានបញ្ចប់វត្តមានយោធាជាផ្លូវការក្នុងនាមជាផ្នែកមួយនៃសម្ព័ន្ធអារ៉ាប់តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែបានរក្សាទុកក្រុមការងារតូចមួយដើម្បីធ្វើការលើជំនាញប្រឆាំងភេរវកម្មជាមួយដៃគូអន្តរជាតិ។ ការដកកម្លាំងលើកនេះ ធ្វើឡើងដោយស្ម័គ្រចិត្ត និងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត ដើម្បីធានាសុវត្ថិភាពបុគ្គលិករបស់ខ្លួន។

ទន្ទឹមនឹងនេះ ឆ្លើយតបនឹងការលើកឡើងថ្មីៗរបស់អារ៉ាប៊ីសាអូឌីតទាក់ទងនឹងស្ថានការណ៍នៅយេម៉ែន ទីក្រុងអាប៊ូដាប៊ីបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដោយអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិសុខ និងអធិបតេយ្យភាពរបស់អារ៉ាប៊ីសាអូឌីត។ UAE បានចាត់ទុកទំនាក់ទំនងជាបងប្អូន និងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរថាជាមូលដ្ឋានគ្រឹះនៃស្ថិរភាពក្នុងតំបន់។

ពាក់ព័ន្ធនឹងភាពតានតឹងនៅខេត្តភាគខាងកើតយេម៉ែន ដូចជា Hadramawt និង Al-Mahra ភាគី UAE បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងជម្លោះរវាងបក្សពួកយេម៉ែន ឬបានដាក់សម្ពាធឱ្យភាគីណាមួយធ្វើប្រតិបត្តិការយោធាគំរាមកំហែងដល់ព្រំដែនអារ៉ាប៊ីសាអូឌីត។ UAE បានសង្កត់ធ្ងន់ថា ជំហររបស់ខ្លួនគឺផ្តោតលើការកាត់បន្ថយភាពតានតឹង និងការការពារជនស៊ីវិល ដោយសហការជាមួយទីក្រុងរីយ៉ាដ៕



 

Powered by Blogger.