ទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ មេទ័ពខ្លាំង នាំឱ្យកូនទ័ពខ្លាំង មានស្មារតីរឹងមាំ សាមគ្គីភាពខ្ពស់ និងត្រៀមខ្លួនការពារជាតិជានិច្ច
ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា មេទ័ពខ្លាំង នាំឱ្យកូនទ័ពខ្លាំង មានស្មារតីរឹងមាំ សាមគ្គីភាពខ្ពស់ និងត្រៀមខ្លួនការពារជាតិជានិច្ច។
ការលើកឡើងរបស់ ទេសរដ្ឋមន្ត្រី កែវ
រ៉េមី នាឱកាសដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ ឧត្តមសេនីយ៍ត្រី នាក់ វង្ស
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ មេទ័ពខ្លាំងជួរមុខ
ដែលតែងតែឈរជើងនៅមុខសមរភូមិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូន
ជាតិ មាតុភូមិ ពេលជួបប្រទះស្ថានការណ៍ប្រឈមនឹងសង្រ្គាម នៅថ្ងៃទី៣០ ខែធ្នូ
ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ
ឯកឧត្តមទេសដ្ឋមន្ត្រី
បានពាំនាំការសួរសុខទុក្ខយ៉ាងកក់ក្តៅ
និងបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់មេទ័ពខ្មែរ ក៏ដូចជាកងទ័ពខ្មែរគ្រប់រូប
និងក្រុមគ្រួសារ ដែលហ៊ានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត
ដើម្បីការពារអធិបតេយ្យភាព
និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាពីការឈ្លានពានដ៏ព្រៃផ្សៃរបស់សត្រូវ។
ឯកឧត្តមទេសរដ្ឋមន្រ្តី
ក៏បាននាំយកថវិកា ជូនដល់មេទ័ព ដោយផ្ទាល់
ដើម្បីរួមចំណែកជួយសម្រាលបន្ទុកជីវភាពគ្រួសារ។ ការឧបត្ថម្ភនេះ
នឹងរួមចំណែកយ៉ាងសំខាន់ ដើម្បីឱ្យមេទ័ពអាចផ្តោតតែលើភារកិច្ច ការរៀបចំយុទ្ធសាស្រ្ត
និងការបញ្ជាកងទ័ព ក្នុងការតស៊ូប្រយុទ្ធ និងការពារប្រទេសជាតិ ដោយមិនមានការព្រួយបារម្ភចំពោះបញ្ហាជីវភាពគ្រួសារនៅខាងក្រោយ។ ឯកឧត្តម ទេសរដ្ឋមន្រ្តីថា «មេទ័ពខ្លាំង នាំឱ្យកូនទ័ពខ្លាំង
មានស្មារតីរឹងមាំ សាមគ្គីភាពខ្ពស់ និងត្រៀមខ្លួនការពារជាតិជានិច្ច»។
មិនតែប៉ុណ្ណោះទេ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការជួយគាំទ្រមេទ័ព
និងប្រជាជនដែលរងផលប៉ះពាល់ តាមរយៈមធ្យោបាយផ្សេងៗជាច្រើន រួមមាន (១)
ការដាក់ពាក្យបណ្តឹងដើម្បីការពារសិទ្ធិស្របច្បាប់ទៅតាមគ្រប់យន្តការអន្តរជាតិ តំបន់
ជាពិសេសទៅទីស្នាក់ការកណ្តាលសិទ្ធិមនុស្សអន្តរជាតិ នៅទីក្រុងហ្សឺណែវ (២)
ការធ្វើកិច្ចសន្ទនាជាមួយដៃគូអន្តរជាតិ និងអង្គទូតនានា
ដើម្បីបញ្ជាក់ពីការរងគ្រោះរបស់កម្ពុជា
និងឱ្យពួកគេធ្វើការគាំទ្រភាពត្រឹមត្រូវរបស់កម្ពុជា និង (៣)ការចុះសួរសុខទុក្ខ
និងជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពរងរបួស ក្រុមគ្រួសារ និងជនភៀសសឹកផងដែរ៕





Post a Comment