ក្រសួងបរិស្ថានស្នើម្ចាស់ផេក Nimol Felix និងអ្នកផ្សាយបន្តលុប និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតពីគុណភាពខ្យល់នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានមិនពិត អំពីករណីគុណភាពខ្យល់នៅកម្ពុជា ធ្វើឱ្យមានការភាន់ច្រឡំថា ហាក់បីដូចជាប្រទេសកម្ពុជារងការបំពុលបរិយាកាស។
ក្រសួងបរិស្ថានស្នើឱ្យម្ចាស់ផេក Nimol
Felix និងអ្នកផ្សព្វផ្សាយបន្ត ធ្វើការលុបព័ត៌មានមិនពិតនេះចេញ
និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដែលជំរុញឱ្យសាធារណជន មានការភាន់ច្រឡំ
លើគុណភាពខ្យល់នៅកម្ពុជានាពេលបច្ចុប្បន្ន។
ក្រសួងបរិស្ថានសូមជម្រាបជូនថា
ក្រសួងបានតម្លើងឧបករណ៍តាមដានបរិមាណខ្យល់ រយៈពេល ២៤ម៉ោងក្នុង១ថ្ងៃ ចំនួន៦០ កន្លែង
នៅទូទាំងប្រទេស ក្នុងនោះឧបករណ៍ក្នុង៨ទីតាំងនៅរាជធានីភ្នំពេញ
បានបង្ហាញទិន្នន័យគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ
ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហម។ ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ
និងកុំជឿលើការផ្សព្វផ្សាយ និងការចែកចាយលើណ្តាញសង្គម មួយចំនួនខាងលើឱ្យសោះ
ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន បាននិងកំពុងតាមដាន
គុណភាពខ្យល់នៅកម្ពុជាជាប់ជាប្រចាំ។
សូមបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី១៣
ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១២.៣៦ µg/m3
ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍
គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
សាធារណជនអាចតាមដាន និងផ្ទៀងផ្ទាត់ព័ត៌មាន
ស្តីពីគុណភាពខ្យល់នៅកម្ពុជា ផ្សាយផ្ទាល់តាមគេហទំព័រ https://airquality.moe.gov.kh/
និងតាម ប្រព័ន្ធ APP ឈ្មោះ CGS SPA របស់ក្រសួងបរិស្ថាន។
ឆ្លៀតក្នុងឱកាសនេះ
ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់
និងត្រូវបញ្ឈប់ចែករំលែកព័ត៌មានមិនពិត ដែលនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕








Post a Comment