ត្រាំ នឹងធ្វើដំណើរមកម៉ាឡេស៊ី ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ
គូឡាឡាំពួ៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៊ី លោក Mohamad Hasan នាថ្ងៃអង្គារនេះ បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។
បើតាមលោករដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ នឹងត្រូវធ្វើឡើង
អំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ
ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
លោក Mohamad បានបន្តថា
ម៉ាឡេស៊ីរួមជាមួយសហរដ្ឋអាមេរិក
នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃនិងកម្ពុជា
ដែលនឹងមានតម្រូវឱ្យភាគីទាំងសងខាង បោសសំអាតមីនហើយដកសព្វាវុធធុនធ្ងន់ទាំងអស់
ចេញពីតំបន់ព្រំប្រទល់។
លោក Mohamad បានប្រាប់ទៅកាន់
ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អំឡុងកិច្ចប្រជុំកំពូលអាស៊ាន
យើងសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងមួយ ហៅថា
កិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរ
នឹងធានានូវបទឈប់បាញ់យូរអង្វែង ព្រមទាំងសន្តិភាព»៕ (ប្រភព៖ Reuters)

Post a Comment