ហ្សេលេនស្គី៖ កិច្ចព្រមព្រៀងនៅហ្កាហ្សា នាំមកនូវក្តីសង្ឃឹមសម្រាប់សន្តិភាពនៅអ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសាទរចំពោះបទឈប់បាញ់ដ៏អស្ចារ្យនៅតំបន់ហ្កាហ្សា ដោយចាត់ទុកថា វាបាននាំមកនូវក្តីសង្ឃឹមថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចជួយសម្របសម្រួលឱ្យមានការបញ្ចប់ការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនបានដែរ។

នៅលើបណ្តាញសង្គម លោក ហ្សេលេនស្គី បានសរសេរថា «នៅពេលដែលសន្តិភាពត្រូវបានសម្រេចនៅផ្នែកមួយនៃពិភពលោក វានាំមកនូវក្តីសង្ឃឹមបន្ថែមទៀតសម្រាប់សន្តិភាពនៅតំបន់ផ្សេងទៀត»។ លោកបានបន្ថែមថា «ប្រសិនបើបទឈប់បាញ់ និងសន្តិភាពអាចសម្រេចបានសម្រាប់មជ្ឈិមបូព៌ា នោះភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់តួអង្គសកល ប្រាកដជាអាចមានប្រសិទ្ធភាពសម្រាប់ពួកយើងនៅអ៊ុយក្រែនផងដែរ»

ស្រដៀងគ្នានេះដែរ អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រិច មឺស (Friedrich Merz) ក៏បានជំរុញឱ្យលោក ត្រាំ ប្រើប្រាស់សន្ទុះនេះ ដើម្បីដាក់ឥទ្ធិពលលើរដ្ឋាភិបាលរុស្ស៉ីផងដែរ ហើយបានបញ្ជាក់ថា លោកនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយលោក ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសអេហ្ស៊ីប។

សូមជម្រាបថា លោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាថា លោកអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានម៉ោង ប៉ុន្តែកិច្ចចរចាជាច្រើនជុំមិនមានលទ្ធផលឡើយ ដោយសារតែរុស្ស៉ីបានបដិសេធបទឈប់បាញ់ និងទាមទារឱ្យអ៊ុយក្រែនចុះចាញ់។ ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក ត្រាំ បានបង្ហាញការមិនពេញចិត្តកាន់តែខ្លាំងចំពោះលោក ពូទីន និងបានផ្តល់ការគាំទ្រកាន់តែខ្លាំងដល់ទីក្រុងកៀវ៕



 

Powered by Blogger.