ជម្លោះព្រំដែនកម្ពុជា-ថៃ! ប្រមុខការទូតកម្ពុជា ៖ យើងគ្មានបំណងចង់យកអ្វី ដែលមិនមែនជារបស់យើង តែយើងនឹងមិនទទួលយកការបាត់បង់
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ នៅចំពោះមុខរដ្ឋមន្រ្តីការបរទេស ថៃ តំណាងម៉ាឡេស៊ី និងសហរដ្ឋអាមេរិកថា កម្ពុជា គ្មានបំណងចង់យកអ្វី ដែលមិនមែនជារបស់កម្ពុជាទេ ប៉ុន្តែកម្ពុជា ក៏នឹងមិនទទួលយកការបាត់បង់អ្វី ដែលជាកម្មសិទ្ធិរបស់ខ្លួនដែរ ។
ការអះអាង របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី
ប្រាក់ សុខុន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ
ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោក Dato’ Seri Anwar Bin
Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១២ ខែតុលា
ឆ្នាំ ២០២៥ ។ អង្គប្រជុំបានបង្ហាញ ពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព
និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ។
ការណ៍នេះបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ
ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់
អន្តរជាតិ។
ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរដ៏ស្មោះស្ម័គ្រ
ចំពោះប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក លើកិច្ចខិតខំប្រឹងប្រែង ប្រកបដោយន័យស្ថាបនា
ក្នុងការសម្របសម្រួល កិច្ចប្រជុំចតុភាគីនេះ ។ ឧបនាយករដ្ឋមន្រ្តីគូសបញ្ជាក់
ពីសារៈសំខាន់ នៃការធានាការអនុវត្ត ឱ្យបានពេញលេញនិងមានប្រសិទ្ធភាព
លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ដែលសម្រេចបានក្រោមក្របខ័ណ្ឌ
នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ
(RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្ត
ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បន្តថា
ក្នុងនាមជាប្រទេស ដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស
កម្ពុជា ដឹងយ៉ាងច្បាស់ អំពីផលវិបាកដ៏អាក្រក់ នៃសង្គ្រាម។
ឯកឧត្តមបញ្ជាក់ថា «ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាព
ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត របស់យើង» …។
កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី
អនុលោមយ៉ាងពេញ លេញតាមច្បាប់អន្តរជាតិ ។ យើងគ្មានបំណងចង់យកអ្វី ដែលមិនមែនជា
របស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់ នូវអ្វីដែលជាកម្មសិទ្ធិ
របស់យើងដោយត្រឹមត្រូវនោះទេ ។ អ្វីដែលយើងស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌
មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាព យូរអង្វែងសម្រាប់ប្រជាជនយើង”
។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្រ្តី
បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាព នាពេលថ្មីៗនេះ
ដើម្បីរួមគ្នា កាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ
ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមាន ៖ ការដកទៅវិញ នូវអាវុធធុនធ្ងន់ , ការដោះមីនមនុស្សធម៌ , ការប្រយុទ្ធប្រឆាំង
នឹងឧក្រិដ្ឋកម្មឆ្លងដែន , ការគ្រប់គ្រងការតាំងទីលំនៅរបស់ជន
ស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ។
ឧបនាយករដ្ឋមន្រ្តីគូសបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជា
ក្នុងការធ្វើការជាមួយប្រទេសថៃ ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញ
នូវការទទួលខុសត្រូវរួម ដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាព
រវាងប្រទេស និងប្រជាជនទាំងពីរ ៕






Post a Comment