ទូតជប៉ុន គ្រាំគ្រាចិត្តជាពន់ពេក បន្ទាប់ពីឃើញទំហំនៃការខូចខាត និងស្ថានភាពលំបាករបស់ពលរដ្ឋបានភៀសខ្លួន
ភ្នំពេញ ៖ លោក អាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា មានការគ្រាំគ្រាចិត្តជាពន់ពេក នៅពេលបានឃើញអំពីទំហំនៃការខូចខាត និងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋបានភៀសខ្លួន ដោយសារការប៉ះទង្គិចរវាងយោធា កម្ពុជា-ថៃ។
នេះបើយោងតាមសេចក្តីអធិប្បាយរបស់
ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក អាត់ស៊ូស៊ី អ៊ូអិណុ
ស្ដីពីការចូលរួមទស្សនកិច្ចទៅកាន់កន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែន
កម្ពុជា-ថៃ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។
តាមរយៈសេចក្តីអធិប្បាយ លោក
ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ថ្ងៃនេះ លោក
បានចូលរួមក្នុងដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ដែលបានទទួលផលប៉ះពាល់នៅខេត្តឧត្តរមានជ័យ
ដែលរៀបចំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនិងអង្គទូតដទៃទៀត។
លោកទូត
បានទៅឃើញជាក់ស្តែងតំបន់ដែលបានរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងថៃ
ក៏ដូចជាកន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។
លោកទូត
គូសបញ្ជាក់ថា «នៅពេលបានឃើញអំពីទំហំនៃការខូចខាត
ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន
ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក។
ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចនេះ
និងសូមចូលរួមសោកស្តាយឥតឧបមាចំពោះអ្នកដែលបានរងផលប៉ះពាល់»។
ជាមួយគ្នានេះ
លោកទូត សង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឱ្យបានលឿនបំផុត។
រដ្ឋាភិបាលជប៉ុន និងលោក ផ្ទាល់ នឹងខិតខំអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវចំណុចនេះ៕
Post a Comment