តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី Yoon Suk Yeol សាជាថ្មី
ប្រភព៖ AFP
សេអ៊ូល៖ តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា បានអនុម័តលើដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol ហើយបញ្ជូនរូបលោកទៅមន្ទីរឃុំឃាំង ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតពិសេសព្យាយាមចាប់ខ្លួនរូបលោកសាជាថ្មី ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក។
លោក Yoon បានបដិសេធការកោះហៅជាច្រើនលើកពីរដ្ឋអាជ្ញាពិសេសម្នាក់
ជុំវិញការស៊ើបអង្កេតលើការប៉ុនប៉នប្រើច្បាប់អាជ្ញាសឹក មិនបានសម្រេចកាលពីខែធ្នូ
ឆ្នាំ២០២៤។
ការបដិសេធនេះឯងបានជំរុញក្រុមរដ្ឋអាជ្ញាស្វែងរកដីកាចាប់ខ្លួនរូបលោកជាថ្មីកាលថ្ងៃទី២៤
ខែមិថុនា។
ដីកាចាប់ខ្លួនដំបូងឡើយត្រូវបានបដិសេធ
ដោយតុលាការអះអាងថាលោក Yoon មានបង្ហាញសញ្ញាផ្ដល់កិច្ចសហការ។
ប៉ុន្តែកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន រដ្ឋអាជ្ញាពិសេសបានស្នើសុំដីកាចាប់ខ្លួន
ជាមួយការអះអាងថាការចាប់ខ្លួនអតីតប្រធានាធិបតីរូបនេះជារឿងចាំបាច់។
លោក Yoon បានចូលរួមក្នុងសវការកាលពីថ្ងៃពុធម្សិលមិញដែលមានរយៈ៧ម៉ោង
ដោយអំឡុងពេលនេះលោកបានច្រានចោលរាល់ការចោទប្រកាន់ ទាំងអស់ប្រឆាំងរូបលោក មុននឹងរូបលោកត្រូវបានគេនាំខ្លួនទៅកាន់មន្ទីរឃុំឃាំងមួយនៅក្បែររដ្ឋធានីសេអ៊ូល។
សូមជម្រាបថា លោក Yoon
ត្រូវបានដោះលែងពីការឃុំខ្លួនកាលពីខែមីនា ក្រោយតុលាការ Seoul
Central District លុបចោលការចាប់ខ្លួនរូបលោកកាលពីខែមករា
ដើម្បីអនុញ្ញាតឱ្យរូបលោកបង្ហាញខ្លួននៅសវនាការលើបទចោទប្រកាន់បះបោរដោយមិនចំាបាច់ជាប់ឃុំក្នុងមន្ទីរឃុំឃាំង។
កាលពីខែមេសា លោក Yoon ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងជាផ្លូវការ។
ក៏ប៉ុន្តែ ក្រុមរដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងមិនទាន់អស់ចិត្តនោះទេ
ដោយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពួកគេបានព្យាយាមស្នើដីកាចាប់ខ្លួនលោក Yoon សាជាថ្មីលើបទចោទប្រកាន់មួយចំនួនក្នុងនោះរួមមាន ការរំលោភអំណាច
និងបង្កឧបសគ្គដល់មន្ត្រីអនុវត្តច្បាប់។
រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ទើបតុលាការ Seoul
Central District បានចេញដីកាចាប់ខ្លួនលោក Yoon ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រូបលោកបានព្យាយាមបំផ្លាញភស្តុតាង៕
Post a Comment