អាមេរិក ប្រកាសដកខ្លួនចេញពីអង្គការ UNESCO ម្តងទៀត ដោយចោទថាមានទំនោរប្រឆាំងអ៊ីស្រាអែល
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃអង្គារថា ខ្លួននឹងដកខ្លួនចេញពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNESCO ជាថ្មីម្តងទៀត ត្រឹមតែពីរឆ្នាំប៉ុណ្ណោះបន្ទាប់ពីបានចូលរួមវិញ ក្រោមហេតុផលថា អង្គការអន្តរជាតិមួយនេះមានទំនោរប្រឆាំងអ៊ីស្រាអែល។
នេះគឺជាលើកទីបីហើយដែលសហរដ្ឋអាមេរិកចាកចេញពី UNESCO
និងជាលើកទីពីរហើយក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំ
បានដកខ្លួនចេញម្តងរួចមកហើយក្នុងអាណត្តិទីមួយរបស់លោក
មុនពេលដែលសហរដ្ឋអាមេរិកត្រឡប់មកចូលរួមវិញក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Tammy
Bruce បានបញ្ជាក់ថា ការដកខ្លួននេះគឺដោយសារ UNESCO មានរបៀបវារៈ ជំរុញឲ្យមានការបែកបាក់ផ្នែកសង្គម
និងវប្បធម៌ ហើយជាពិសេសគឺការសម្រេចចិត្តទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាសមាជិក ដែលបានរួមចំណែកដល់ការរីករាលដាល នៃវោហាសាស្ត្រប្រឆាំងអ៊ីស្រាអែល។
គួរបញ្ជាក់ថា ការសម្រេចចិត្តចាកចេញជាថ្មីនេះ
នឹងចូលជាធរមាននៅចុងខែធ្នូ ឆ្នាំ២០២៦។ ទោះជាយ៉ាងណា វាមិនបានធ្វើឲ្យមន្ត្រី UNESCO
ភ្ញាក់ផ្អើលនោះទេ ដោយសារពួកគេបានរំពឹងទុកជាមុនរួចទៅហើយ៕(ប្រភព៖ AFP)

Post a Comment