គណបក្សកុម្មុយនិស្ដវៀតណាម ដាក់ពិន័យអតីតប្រធានាធិបតី Phuc និង Thuong ដោយដកហូតតំណែងទាំងអស់នៅក្នុងបក្ស

ហាណូយ៖ គណបក្សកុម្មុយនិស្ដវៀតណាម បានដាក់ពិន័យលើអតីតមេដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើននាក់ក្នុងនោះរួមមានទាំងអតីតប្រធានាធិបតី លោក Nguyen Xuan Phuc ព្រមទាំងអតីតប្រធានាធិបតី លោក Vo Van Thuong ដោយសម្រេចដកហូតតំណែងទាំងអស់របស់ពួកគេនៅក្នុងបក្ស។

លោក Phuc លោក Thuong និងអតីតប្រធានរដ្ឋសភា លោក Vuong Dinh Hue ត្រូវបានដកហូតតំណែងទាំងអស់នៅក្នុងបក្ស ដែលនេះជាការពិន័យធ្ងន់ធ្ងរកម្រិតទី២ ក្នុងចំណោម ៤កម្រិតរបស់គណបក្សកុម្មុយនិស្ដវៀតណាម។ ការពិន័យធ្ងន់ធ្ងរបំផុតគឺត្រូវបណ្ដេញចេញពីបក្ស។ អតីតមេដឹកនាំវៀតណាមទាំងនេះរបូតដំណែងដោយសារ មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។

គណបក្សកុម្មុយនិស្ដវៀតណាមដោយបញ្ជាក់ពីការបំពានលើបទបញ្ជាផ្ទៃក្នុងរបស់បក្ស បានប្រកាសពីការដាក់ពិន័យខាងលើកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក Nguyen Xuan Phuc និងលោក Vo Van Thuong បានលាលែងចេញពីតំណែងរួចទៅហើយ ដូច្នេះការសម្រេចចិត្តដាក់ពិន័យនេះមិនធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋនោះទេ។

ការដាក់ពិន័យនេះដែរ ត្រូវបានគេមើលឃើញថាជាកិច្ចប្រឹងប្រែងរបស់អគ្គលេខាធិការបក្ស លោក To Lam ក្នុងការរឹតបន្តឹងវិន័យ នៅមុនសមាជជាតិរបស់បក្សកុម្មុយនិស្ដវៀតណាមដែលគ្រោងនឹងប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០២៦៕



 

Powered by Blogger.