EU ព្រមានចាត់វិធានការគ្រប់ប្រភេទ បើអ៊ីស្រាអែលមិនគោរពកិច្ចសន្យាអំពីជំនួយនៅហ្គាហ្សា
ព្រុចសែល៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី កាយ៉ា កាឡាស (Kaja Kallas) បានព្រមាននៅថ្ងៃអង្គារនេះថា ជម្រើសទាំងអស់នឹងត្រូវបានពិចារណា ប្រសិនបើអ៊ីស្រាអែលមិនគោរពតាមកិច្ចសន្យារបស់ខ្លួន ក្នុងការសម្រួលជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា។
ការព្រមាននេះកើតឡើងបន្ទាប់ពីប្រទេសលោកខាងលិចចំនួន
២៤ បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាមជាបន្ទាន់
និងបានរិះគន់អ្វីដែលពួកគេហៅថាជាការសម្លាប់ដោយអមនុស្សធម៌ លើប្រជាជនប៉ាឡេស្ទីន។
នៅក្នុងសារមួយ លោកស្រី កាឡាស បានសរសេរថា «ការសម្លាប់ជនស៊ីវិលដែលកំពុងស្វែងរកជំនួយនៅហ្គាហ្សា
គឺជារឿងដែលមិនអាចទទួលយកបាន»។ លោកស្រីបានបន្ថែមថា
លោកស្រីបានទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ដើម្បីរំលឹកពីកិច្ចព្រមព្រៀងគ្នាជុំវិញលំហូរជំនួយ
និងបានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ត្រូវតែបញ្ឈប់ការសម្លាប់មនុស្សនៅទីតាំងចែកជំនួយ។
«ជម្រើសទាំងអស់នឹងនៅតែមាន
ប្រសិនបើអ៊ីស្រាអែលមិនគោរពតាមកិច្ចសន្យារបស់ខ្លួន» លោកស្រី
កាឡាស បានសង្កត់ធ្ងន់។
ជាការឆ្លើយតប
ក្រសួងការបរទេសអ៊ីស្រាអែលបានចាត់ទុកសេចក្តីថ្លែងការណ៍នេះថា មិនឆ្លុះបញ្ចាំងពីការពិត។ សង្គ្រាមដែលអូសបន្លាយ
២១ខែមកនេះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៥៩,០០០នាក់៕ (ប្រភព៖ Reuters)
Post a Comment