បាក់ច្រាំងទន្លេជាង១៥០០ម៉ែត្រ នៅស្រុកបុរីអូស្វាយ រងផលប៉ះពាល់ដល់ផ្ទះសម្បែងមួយចំនួន តែមិនគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ច្រាំងទន្លេប្រវែង១៥១០ម៉ែត្រ រងការបាក់ធ្លាក់ចូលទន្លេបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួនក៏បានរងនូវផលប៉ះពាល់នេះផងដែរ កាលពីថ្ងៃទី២២កក្តដា២០២៥ កន្លងទៅថ្មីៗនេះ ស្ថិតភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ។

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងថា៖លេខាធិការដ្ឋានគណៈកម្មាធិការខេត្តគ្រប់គ្រងមហន្តរាយ ក្នុងនោះមាន៖ រដ្ឋបាលស្រុក មន្ទីរធនធានទឹក រដ្ឋបាលឃុំ បានចុះពិនិត្យជាក់ស្តែងលើចំណុច ដីកោះដែលបាក់នោះមានចំនួន០៣កន្លែង ក្នុងនោះ បណ្តោយសរុប១៥១០ម៉ែត្រ និងបានរុះរើផ្ទះចេញពីទីតាំងនោះចំនួន០១ខ្នង មានផលប៉ះពាល់ដល់០៦គ្រួសារ និងដំណាំកសិកម្មសរុប៣៦០ដើម! ហើយករណីនេះផងដែរ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ។

លោកអភិបាលស្រុកបានបញ្ជាក់ថា៖ការបាក់ច្រាំងទន្លេនេះវាជាកត្តាធម្មជាតិ ហើយវាក៏មិនមែនជាតំបន់ដែលមានភូមិដ្ឋានមនុស្សរស់នៅច្រើននោះដែរ គឺជាតំបន់កោះដែលប្រជាពលរដ្ឋតិចគ្រួសារ ប្រកបរបរធ្វើស្រែចម្ការនៅទីនោះ ហើយផលប៉ះពាល់ក៏មានតិចតួចដែរ ។

ក្រោយការបាក់ច្រាំងដីកោះនោះមក លេខាធិការដ្ឋានគណៈកម្មាធិការខេត្តគ្រប់គ្រងមហន្តរាយ រដ្ឋបាលស្រុក មន្ទីរធនធានទឹក រដ្ឋបាលឃុំ បានអន្តរាគមន៍ និងយកអំណោយមួយចំនួនទៅចែកជូនដល់ប្រជាពលរដ្ឋទាំងនោះផងដែរ ៕














Powered by Blogger.