ត្រាំ ថាមិនមានភាពរីកចម្រើនជាមួយ ពូទីន ជុំវិញសង្រ្គាមអ៊ុយក្រែន
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាមិនមានភាពរីកចម្រើននោះទេអំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីន ខណៈវិមានក្រឹមឡាំងទទូចថាលោកប្រធានាធិបតីរុស្ស៉ីនៅតែប្រកាន់ខ្ជាប់ការសម្រេចបានឱ្យនូវគោលដៅសង្រ្គាមដែលបានកំណត់។
ការលើកឡើងបែបនេះរបស់លោក ត្រាំ
កើតមានឡើងខណៈកិច្ចចរចាសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក
សំដៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនអូសបន្លាយពេលជាង៣ឆ្នាំមកនេះបន្តជាប់គាំង
និងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្អាកការបញ្ជូនអាវុធមួយចំនួនទៅឱ្យទីក្រុងកៀវ។ លោក
ត្រាំ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ថា «វាជាកិច្ចសន្ទនាវែងអន្លាយដ៏ល្អ។
យើងបានជជែកពីបញ្ហាជាច្រើនក្នុងនោះរួមមានទាំងអ៉ីរ៉ង់
ហើយក៏បានជជែកគ្នាផងដែរដូចដែលអ្នកទាំងអស់គ្នាបានដឹង នោះគឺសង្រ្គាមនៅអ៊ុយក្រែន»។ នៅពេលត្រូវបានសាកសួរថាតើរូបលោកជិត
សម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមហើយឬ? លោក
ត្រាំ បានឆ្លើយថាលោកមិនមានភាពរីកចម្រើនណាមួយជាមួយលោក ពូទីន
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះទេ។
នៅឯទីក្រុងមូស្គូវិញ វិមានក្រឹមឡាំងបានចេញមកបញ្ជាក់ថាលោក
ពូទីន នឹងមិនបោះបង់ចោលគោលដៅសង្រ្គាមរបស់រុស្ស៉ីនោះទេ។ «ប្រធានាធិបតីរបស់យើង បាននិយាយថារុស្ស៉ីនឹងសម្រេចឱ្យ
បានគោលដៅរបស់ខ្លួនដែលបានកំណត់ នោះគឺលុបបំបាត់ចោលនូវឫសគល់ដែលនាំឱ្យមានសង្រ្គាម»។ នេះជាការគូសបញ្ជាក់របស់លោក Yuri Ushakov ជាទីប្រឹក្សារបស់លោក
ពូទីន។
សូមជម្រាបថា រុស្ស៉ីក៏កន្លងមក
បានដាក់លក្ខខណ្ឌបញ្ចប់សង្រ្គាមដោយទាមទារលុបបំបាត់ចោលឫសគល់នៃជម្លោះ
ក្នុងនោះរួមមានការទាមទារឱ្យអ៊ុយក្រែនបោះបង់ចោលមហិច្ឆតាចង់ក្លាយជា សមាជិក NATO៕
Post a Comment