កម្ពុជា និងម៉ាឡេស៊ីឯកភាពចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមសន្តិបណ្ឌិត
ឆៃ ស៊ីណារិទ្ធ បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត
អំពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
និងអំពីលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ ដែលសមត្ថកិច្ចតាមបណ្តារាជធានី ខេត្ត
បានបង្រ្កាប កន្លងមក ព្រមទាំងបានលើកសំណូមពរដល់ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន
នៅឆ្នាំនេះ ផ្តល់កិច្ចសហការ លើការងារនេះ។
ជាការឆ្លើយតប
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងនូវជំនឿជឿជាក់លើការប្តេជ្ញាចិត្ត
និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល
ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
និងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសង្គ្រោះពលរដ្ឋម៉ាឡេស៊ី កន្លងមក។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ស្ថានទូត
និងរដ្ឋាភិបាលម៉ាឡេស៊ីនឹងផ្តល់ការគាំទ្រ
និងកិច្ចសហប្រតិបត្តិការដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ភាគីទាំងពីរបានឯកភាពចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ
ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
និងបានផ្លាស់ប្តូរយោបល់លើជំហានបន្ទាប់ក្នុងការជំរុញនិងបង្កើនកិច្ចសហការជាមួយគ្នារវាងលេខាធិការដ្ឋានគ.ប.ឆ.ប.
និងស្ថានទូត៕
Post a Comment