ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី ដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។
ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសោបបានលទ្ធផលគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមគុណភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ។
លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ច ត្រូវបានលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សង្ខេបថា មានជាអាទិ៍ ជំនួបពិភាក្សាទ្វេភាគីយ៉ាងស៊ីជម្រៅ និងប្រកបដោយស្មារតីមិត្តភាពរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី រហូតភាគីទាំងពីរ ឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាឯកសារសហប្រតិបត្តិការស្នូលថ្មីមួយទៀត សម្រាប់កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។
ស្មារតីនៃជំនួបទ្វេភាគី និងការសម្រេចបានអនុស្សារណៈនៃការយោគយល់គ្នានេះ ក៏ត្រូវបាននាយករដ្ឋមន្រ្តីសិង្ហបុរី ឯកឧត្តម Lawrence Wong ដែលទើបបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជា កាលពីសប្ដាហ៍មុន បង្ហាញការពេញចិត្ត និងអះអាងពីការត្រៀមលក្ខណៈគាំទ្របន្ថែមទៀតក្នុងកម្រិតថ្នាក់ដឹកនាំកំពូល។ បើតាមលោក រ៉េន រតនៈ នាឱកាសទទួលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសម្ដែងការគួរសម នៅវិមានរដ្ឋបាល ឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងលទ្ធផលដ៏ជាក់ស្ដែងរបស់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសគ្រឿងញៀន។
ឈរលើស្មារតីរៀនស្វែងយល់ពីគ្នាទៅវិញទៅមកដោយគ្មានទីបញ្ចប់ នាឱកាសទស្សនកិច្ចសិង្ហបុរី ដែលជាប្រទេសស៊ីវិល័យមួយក្នុងតំបន់ និងពិភពលោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឆ្លៀតដឹកនាំគណៈប្រតិភូ ទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនទៀត រួមមាន៖ ការិយាល័យផ្ដល់សេវាសាធារណៈ មជ្ឈមណ្ឌលប្រឆាំងបទល្មើសឆបោក មន្ទីរប្រឆាំងគ្រឿងញៀន និងស្ដាប់ការធ្វើបទបង្ហាញសង្ខេបអំពីគំនិតផ្ដួចផ្ដើមប្រឆាំងភេវរកម្ម។ អ្នកនាំពាក្យ អះអាងថា នេះជាទម្លាប់ប្រមុខក្រសួងមហាផ្ទៃ អនុវត្តគ្រប់ដំណើរទស្សនកិច្ចនៅក្រៅប្រទេស ពោលគឺមិនទុកពេលឱ្យនៅទំនេរនោះឡើយ៕
Post a Comment