នាយករដ្ឋមន្រ្តីជប៉ុន ថានឹងមិនផ្តល់សម្បទានដោយងាយៗដល់ ត្រាំ ជុំវិញបញ្ហាពន្ធពាណិជ្ជកម្ម
ប្រភព៖ AFP
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba នៅថ្ងៃអាទិត្យ
ទី៦ ខែកក្កដា បាននិយាយថា រូបលោកនឹងមិនផ្តល់សម្បទានងាយៗ
ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោនឡើយ ស្របពេលដែលទីក្រុងតូក្យូ
កំពុងព្យាយាមបញ្ចៀសការគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ក្នុងការយកពន្ធគយ៣៥ភាគរយលើទំនិញជប៉ុន។
លោក Ishiba បាននិយាយអំឡុងកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយយ៉ាងដូច្នេះថា «យើងនឹងមិនផ្តល់សម្បទានដោយងាយៗឡើយ ហេតុនេះហើយទើបវាកំពុងចំណាយពេលវេលាយូរ
និងមានភាពលំបាក»។ ការអត្ថាធិប្បាយបែបនេះរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន
ធ្វើឡើងស្របពេលទីក្រុងតូក្យូបន្តស្ទុះស្ទាចរចាជាមួយរដ្ឋបាលលោក ត្រាំ មុនឱសានវាទ ៩
កក្កដា ពោលគឺថ្ងៃពុធសប្តាហ៍ក្រោយនេះ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។
កាលពីខែមេសា
ឆ្នាំនេះ លោក ដូណាល់ ត្រាំ បានដាក់ចេញចំណាត់ការយកពន្ធ១០ភាគរយ
លើទំនិញនាំចេញពីដៃគូពាណិជ្ជកម្មភាគច្រើន ហើយក្នុងខែដដែលនោះ
លោកក៏បានកំណត់ការយកពន្ធខ្ពស់ៗ លើប្រទេសរាប់សិបផ្សេងទៀតផងដែរ រួមមានទាំងជប៉ុន
ប៉ុន្តែប៉ុន្មានថ្ងៃក្រោយ លោក ត្រាំ បានពន្យារពេលអនុវត្តជាបណ្តោះអាសន្ន
ដើម្បីទុកពេលចរចារកកិច្ចព្រមព្រៀង។ ការយកពន្ធខ្ពស់នោះ ត្រូវបានផ្អាករយៈពេល៩០ថ្ងៃ
ដែលនឹងផុតកំណត់នៅថ្ងៃទី៩ ខែកក្កដា មានន័យថា វានឹងត្រូវអនុវត្តឡើងវិញ
សម្រាប់ប្រទេសទាំងឡាយណា ដែលសម្រេចមិនបានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន។
លោក ត្រាំ
បាននិយាយថា លោកនឹងផ្ញើលិខិតទៅកាន់ជប៉ុន ដោយតម្រូវឱ្យជប៉ុនបង់ពន្ធ៣០ភាគរយ ៣៥ភាគរយ
ឬប៉ុន្មានភាគរយក៏ដោយ ឱ្យតែអាមេរិកបានកំណត់
ហើយលោកបានហៅទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីថា មានភាពអយុត្តិធម៌។ លោក ត្រាំ
បានដាក់សម្ពាធជាពិសេសចង់ឱ្យជប៉ុន ព្រមបង្កើនការនាំចូលរថយន្តនិងអង្កររបស់អាមេរិក។
គួរបញ្ជាក់ថា
កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍សប្តាហ៍នេះ បេសកជនពាណិជ្ជកម្មរបស់ទីក្រុងតូក្យូ
លោក Ryosei
Akazawa បាននិយាយទូរសព្ទជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick៕
Post a Comment