ពលរដ្ឋថៃនៅជាប់ព្រំដែន រស់នៅទាំងភ័យខ្លាច ខណៈការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា កាន់តែខ្លាំងក្លា
បរទេស៖ ពលរដ្ឋថៃក្នុងខេត្ត Tak ជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងរស់នៅទាំងភ័យខ្លាច ស្របពេលកងទ័ពមីយ៉ាន់ម៉ា កំពុងបង្កើនការប្រយុទ្ធកងកម្លាំងការ៉ែន (KNLA) ក្នុងរដ្ឋការ៉ែន ខណៈលើកនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំជាងមុន ដោយឈានដល់ការប្រើដ្រូនអត្តឃាត Kamikaze ចំនួន៤គ្រឿង ទម្លាក់គ្រាប់បែកនៅតំបន់ព្រំដែនដែលមានចម្ងាយត្រឹម ៥០០ម៉ែត្រប៉ុណ្ណោះពីខេត្ត Tak របស់ថៃ។
ជុំវិញស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅនេះ លោក Natthakorn Rueanthip មេបញ្ជាការកងកម្លាំង Rajamanu និយាយកាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥ថា
លោកកំពុងតាមដានស្ថានការណ៍ប្រយុទ្ធនៅព្រំដែនមីយ៉ាន់ម៉ា។
ទន្ទឹមនោះ ទាហានថៃមកពីកងពល Naresuan
នៅតែបន្តចុះល្បាតនិងត្រួតពិនិត្យ ព្រមទាំងប្រុងជើងការជាប់ជានិច្ច
ដើម្បីទប់ស្កាត់ការឈ្លានពានអធិបតេយ្យភាពពីសំណាក់កងកម្លាំងប្រដាប់អាវុធបរទេស
និងដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋថៃ។
កាលពីថ្ងៃសៅរ៍
ស្ថានការណ៍នៅតំបន់ព្រំដែននៃខេត្ត Tak ក៏ធ្ងន់ធ្ងរផងដែរ
បន្ទាប់ពីនៅប្រទេសមីយ៉ាន់ម៉ា មានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ជាពិសេសការទម្លាក់គ្រាប់បែកលើឃ្លាំងគ្រាប់ ធ្វើឲ្យពលរដ្ឋថៃភ័យព្រួយនិងត្រៀមខ្លួនចំពោះគ្រាអាសន្ន។
ដោយសារតែឥទ្ធិពលនៃការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយ មេបញ្ជាការថៃក្នុងស្រុក Mae Sot បានចេញបញ្ជាឲ្យតាមដានព្រំដែននិងពិនិត្យមើលស្ថានការណ៍ឲ្យបានជាប់លាប់ ដើម្បីធានាសុវត្ថិភាពប្រជាជន ថៃ ហើយនឹងជម្លៀសចេញតែម្តងក្នុងករណីចាំបាច់៕
Post a Comment