កូនឈើចម្រុះចំនួន២០០ដើម ត្រូវបានរដ្ឋបាលខេត្តរតនគិរី ដាំនៅអតីតព្រលានយន្តហោះ ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ពិធីបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំនេះ ត្រូវបានរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តរតនគិរី ប្រារព្ធធ្វើនៅ អតីតព្រលានយន្តហោះចាស់ ស្ថិតនៅ ភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

បើតាមការលើកឡើង ពីសំណាក់ លោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តរតនគិរី បានអោយដឹងថា ពិធីបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥ នេះកូនឈើចម្រុះជាច្រើនប្រភេទចំនួន២០០ដើម រួមមាន៖គ្រញូង ក្ងោក បេង ធ្នង់ព្រីង ទឹកដោះ ត្រូវបាននាំយកមកដាំក្នុងថ្ងៃនេះ។ លោកថាកន្លង មកក្នុងដើមរដូវវស្សានេះ ខណ្ឌរដ្ឋបាលព្រៃឈើបានចែកកូនឈើដល់ប្រជាពលរដ្ឋ សាលារៀន សាលាស្រុក សាលាឃុំ ដាំមុនសរុបជិត១.០០០ដើមផងដែរ។ ហើយឆ្នាំនេះ រដ្ឋបាលខេត្តបាន កំណត់យកទីតាំងវិមានឯករាជ្យអតីតព្រលានយន្តហោះដើម្បីរៀប ចំពិធី “រុក្ខទិវា” ដាំដើមឈើនាព្រឹកនេះ មានលក្ខណៈជាប្រពៃណីជាតិដើម្បី ឱ្យអាជ្ញាធរ ក្រុងស្រុក ឱ្យបំផុសចលនា ប្រជាពលរដ្ឋចូលរួមដាំដើមឈើនៅតាមវត្តអារាម សាលារៀន និងទីសាធារណៈ ពិសេសនៅបរិវេណ សាលាស្រុក សាលាឃុំ ដែលមានទីធ្លាធំទូលាយ ការដាំឈើជានិច្ចកាល ឯកឧត្តមអភិបាលខេត្តតែងតែយក ចិត្តទុកដាក់ណែនាំដាំឈើ ដើម្បីសោភ័ណភាពខេត្ត និងរក្សាបាន បរិស្ថាន បៃតងជានិច្ច និងបាន ជាផលប្រយោជន៍ បង្កើនគម្របព្រៃ តំបន់ទេសភាពពណ៌បៃតង និងស្តារបរិស្ថានធនធានធម្មជាតិ មានបរិយាកាសល្អ សម្រាប់ជីវិតសត្វ និងមនុស្ស។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានចាត់ទុក រុក្ខទិវា គឺជាទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិនិងជាការអនុវត្តន៍នូវ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចការពារធនធានធម្មជាតិ ជាពិសេសក្នុងគោល ដៅគាំទ្រដល់សកម្មភាពថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើគ្រប់ប្រភេទឡើងវិញពីព្រោះ ថា ព្រៃឈើមានតម្លៃជាពហុប្រយោជន៍ទាំងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម ហើយព្រៃឈើក៏មានតម្លៃយ៉ាងធំធេងសម្រាប់មនុស្សជាតិ ជាសរសៃឈាមក្នុងវិស័យកសិកម្ម ទេសចរណ៍ ជាអាយុជីវិតរបស់ ប្រជាកសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ។ដូច្នេះយើង ត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ និងសត្វព្រៃ និងដាំដើមឈើឲ្យបានគ្រប់ៗ គ្នា និងគ្រប់ទីកន្លែង។

ឯកឧត្តម អភិបាលខេត្ត បន្តថា ពិធីអបអរសាទរបុណ្យរុក្ខទិវា មានអត្ថន័យនិងសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតសម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យចូលរួមដាំដុះព្រៃ ឈើ និងថែរក្សាការពារព្រៃឈើ សត្វព្រៃឲ្យបានគង់វង្ស ហើយលើសពីនេះអភិវឌ្ឍន៍ធនធានទាំងនេះ ឲ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អភិបាលខេត្ត សង្ឃឹមជឿជាក់ថា ព្រះថេរានុថេរៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ បងប្អូន ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់ នឹងយកព្រះទ័យ និងយកចិត្តទុកដាក់ដាំ ដើមឈើគ្រប់ប្រភេទឲ្យ បានច្រើនជាអតិបរមានៅ តាមវត្តអារាម តាមភូមិដ្ឋាន ទីសាធារណៈ សាលា រៀន មន្ទីរពេទ្យ ប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ហើយខិតខំថែរក្សាដើមឈើទាំងអស់នេះឲ្យ ដុះលូតលាស់ល្អឡើង រាប់ជំនាន់ក្រោយៗទៀត ជាផល ប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ ក៏ដូចជាសម្រាប់មនុស្សជាតិ លើពិភពលោក៕
















Powered by Blogger.