សហរដ្ឋអាមេរិក ប្រកាសពីបទឈប់បាញ់រវាងស៊ីរី និងអ៊ីស្រាអែល
ស៊ីរី៖ សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា បាននិយាយថាខ្លួនបានសម្របសម្រួលឱ្យមានបទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងស៊ីរី ខណៈជម្លោះបានផ្ទុះឡើងជាថ្មី នៅក្នុងទីក្រុង Sweida ដែលជាមូលដ្ឋានរបស់ជនជាតិភាគតិច Druze គាំទ្រដោយអ៊ីស្រាអែល បន្ទាប់ពីអំពើហិង្សាដែលជំរុញឱ្យអ៊ីស្រាអែល ធ្វើអន្តរាគមន៍វាយប្រហារតាមផ្លូវអាកាស។
លោក Tom Barrack ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ
និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការស៊ីរី
បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថាប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានឯកភាពគ្នាលើបទឈប់បាញ់មួយក្រោមការសម្របសម្រួលពី សហរដ្ឋអាមេរិក។
ក្នុងការបង្ហោះមួយលើ
បណ្ដាញទំនាក់ទំនងសង្គម X លោក Tom Barrack បានគូសបញ្ជាក់ថា «យើងសូមអំពាវនាវឱ្យសហគមន៍ជនជាតិ Druze,
Bedouins និង Sunnis ទម្លាក់អាវុធចុះ
និងរួមគ្នាជាមួយសហគមន៍ជនជាតិភាគតិចដទៃទៀត
ដើម្បីកសាងស៊ីរីថ្មីមួយដែលរួបរួមគ្នាក្នុងសន្តិភាព
និងភាគរីកចម្រើនជាមួយប្រទេសជិតខាង»។
តាមលោក Tom Barrack បទឈប់បាញ់ខាងលើក៏ត្រូវបានគាំទ្រពីតួកគីយ៉េ
ដែលជាអ្នកគាំទ្រដ៏សំខាន់របស់រដ្ឋាភិបាលលោក Sharaa រួមទាំងពីប្រទេសហ្ស៊កដានី
ផងដែរ។
បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី
បានឱ្យដឹងថាមនុស្សយ៉ាងហោច ៦៣៨នាក់បានស្លាប់ ចាប់តាំងពីអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនរវាងកុលសម្ព័ន្ធ
ជនជាតិភាគតិច Druze និង Bedouins។
អ៊ីស្រាអែលបានធ្វើអន្តរាគមន៍ដោយបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីដាម៉ាស
ក្នុងនោះរួមមានទាំងអគារ ក្រសួងការពារជាតិស៊ីរី
ក្រោមហេតុផលដើម្បីការពារសហគមន៍ជនជាតិ Druze៕ (ប្រភព៖AFP)
Post a Comment