កម្ពុជា និងសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ លើការអភិវឌ្ឍផែនការមេដឹកជញ្ជូនស្អាត និងជំរុញគំនិតផ្ដួចផ្ដើមលើវិស័យដឹកជញ្ជូនបៃតង

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នឹម សុធា អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងវេទិកា ស្តីពីការពង្រីកទំនាក់ទំនងសម្រាប់អព្យាក្រឹត្យកាបូន ២០២៥ នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល(MOTIE) នៃសាធារណរដ្ឋកូរ៉េ ដោយមានកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនស្អាត និងជាវេទិកា ពង្រីកទំនាក់ទំនងរវាងវិស័យរដ្ឋ និងឯកជនលើការជំរុញការអភិវឌ្ឍ ដើម្បីធានាលើការកាត់បន្ថយឧស្ម័នកបោនដែលបញ្ចេញទៅក្នុងបរិស្ថាន។

វេទិកានេះ មានការចូលរួមពីសំណាក់តំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីសំណាក់វិស័យឯកជនដែលពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងថាមពលស្អាតផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក៏បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល(MOTIE) កូរ៉េ ដោយសហភាគីកូរ៉េ គឺ ឯកឧត្តម Peob Min Ryu អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយវិនិយោគឆ្លងកាត់ព្រំដែន នៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល(MOTIE)

អនុស្សរណៈ នៃការយោគយល់នេះត្រូវបានធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផែនការមេដឹកជញ្ជូនស្អាត និងជំរុញគំនិតផ្ដួចផ្ដើមលើវិស័យដឹកជញ្ជូនបៃតង៕






 

Powered by Blogger.