រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញប្រភពព័ត៌មានផ្លូវការ ទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន

ភ្នំពេញ៖ ខណៈពេលដែលការប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន បានចាប់ផ្តើមនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញប្រភពព័ត៌មានផ្លូវការ ទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន ហើយអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែកចាយប៉ះពាល់ដល់ការសម្ងាត់កងទ័ព។

តាមបណ្តាញសង្គម ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា សម្រាប់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន, ប្រភព ៤សំខាន់ដែលជាប្រភពផ្លូវការ​ គឺ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ​​ ២-ក្រសួងការពារជាតិ ៣-ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ និង ៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវ ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។​ សូមបងប្អូនចូលរួមសហការឱ្យបានម៉ឺងម៉ាត់។

សូមបញ្ជាក់ថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕



 

Powered by Blogger.