គិតត្រឹមវេលាម៉ោង៤រសៀលថ្ងៃនេះ កងទ័ពកម្ពុជា-ថៃ កំពុងប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខ, កងទ័ពកម្ពុជានៅបន្តគ្រប់គ្រងសមរភូមិ និងឈរជើងយ៉ាងរឹងមាំនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី
ឧត្តរមានជ័យ-ព្រះវិហារ៖ គិតត្រឹមវេលាម៉ោង៤រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា-ថៃ កំពុងប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខនៅឡើយ មិនទាន់ឈប់នៅឡើយ និងថយដៃនៅឡើយទេ ខណៈកងទ័ពកម្ពុជានៅបន្តគ្រប់គ្រងសមរភូមិប្រយុទ្ធទាំងអស់ និងឈរជើងយ៉ាងរឹងមាំនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្រោយបានបណ្តេញសត្រូវឈ្លានពានឲ្យរត់ចេញពីទីតាំងប្រាសាទទាំងនេះ។
សេចក្តីរាយការណ៍ពីកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធជាមួយទាហានថៃ បានបញ្ជាក់ថា នៅសមរភូមិប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថ្មដូន ក្នុងខេត្តឧត្តរមានជ័យ និងសមរភូមិទិសព្រះវិហារមាន តាថាវ បុស្បូវ ជាំតែ ភ្នំខ្មោច អានសេះ និងមុំបី កងទ័ពទាំង២កំពុងប្រយុទ្ធគ្នា ដោយប្រើកាំភ្លើងធន់ធ្ងន់ផ្លោងដាក់គ្នាទៅវិញទៅមក តែកងទ័ពដ៏អង់អាចក្លាហានរបស់យើងនៅគ្រប់សមរភូមិប្រយុទ្ធកំពុងគ្រប់គ្រងទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ ហើយបាញ់ដាក់សត្រូវ ឈ្លានពានយ៉ាងសន្ធឹកសន្ធាប់។
សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕
Post a Comment