ឯកឧត្តម សាយ សំអាល់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុជូនពលរដ្ឋនៅស្រុកបរកែវ និងសម្ពោធអគារ មន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តរតនគិរី

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ឯកឧត្តមឧនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចនវត្ថុជូនប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកបរកែវ និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តរតនគិរី។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានលើកឡើងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូននាឱកាសនេះ មានចំនួន ០៧ភូមិ គឺឃុំឡាមុិញ០១ភូមិ និងឃុំស៊ើង ០៦ភូមិ ស្មើនឹង ១៦៥៧ វិញ្ញាបនបត្រ ។ ឯកឧត្តម អភិបាលខេត្តបន្តថា ខេត្តរតនគិរី ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាសេនាធិការ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៦,៩៤៥ វិញ្ញាបនបត្រ បូកទាំង ភូមិនៅស្រុកអូរជុំចំនួន ០៣ភូមិ ដែលគ្រោងចែកនៅសប្តាហ៍ក្រោយ។ បន្ទាប់ពីបញ្ចប់ការចុះបញ្ជីដីធ្លី នៅស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ក្រុមការងារបានកំពុងបន្តអនុវត្តការងារចុះបញ្ជីដីធ្លីនៅស្រុកវើនសៃ ហើយក៏នឹងត្រូវបញ្ចប់ការចុះបញ្ជីនៅស្រុកអូរជុំនៅពាក់កណ្តាលខែសីហាខាងមុខ ដោយត្រូវបន្តទៅចុះ បញ្ជីនៅស្រុកវើនសៃបន្ថែមទៀត។ 

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថានៅក្នុងនីតិកាលទី៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ណែនាំធ្វើយ៉ាងណាឱ្យបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិទាក់ទិននឹងវិស័យដីធ្លី ដូច្នេះយើងក៏បានរៀបចំគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងសង្គមជាតិទាំងមូល និងរៀបចំប្រទេសឱ្យកាន់តែល្អប្រសើរជាងមុន ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយក្រុមការងារមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរក្នុងការដោះស្រាយបញ្ហាដីធ្លី ដែលមានភាពចម្រូងចម្រាស់រហូតទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ និងជម្រះនូវភាពសៅហ្មងទាក់ទិននឹងបញ្ហាដីធ្លីនេះកុំឱ្យអូសបន្លាយពេលវេលាតទៅមុខទៀត ។ 

ឯកឧត្តមឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវយុទ្ធសាស្ត្រ៦ចំនុច ដើម្បីបង្កើតបរិយាកាសគ្មានវិវាទសំរាប់ប្រជាពលរដ្ឋគឺ ទី១៖ ត្រូវចុះបញ្ជីដីធ្លីបង្ហើយនៅទូទាំងប្រទេសអោយបានចប់សព្វគ្រប់ បញ្ចប់វិវាទ ផ្ដល់នូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ ទី២៖ បញ្ហាវិវាទដីធ្លីគឺជារឿងដែលបន្សល់ទុកឱ្យតជំនាន់ ប៉ុន្តែយើងត្រូវរួមគ្នាដោះស្រាយបញ្ចប់អោយអស់ស្របតាមបច្ចេកទេសសុរិយោដីនិងគោលការណ៍ច្បាប់ ទី៣៖ ផ្ដល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋមានភាពងាយស្រួលដែលអាចប្រើប្រាស់រាល់សេវានានារបស់ក្រសួងតាមរយៈប្រព័ន្ធអនឡាញ ទី៤៖ ត្រូវថែរក្សាបឹងទន្លេសាបសម្រាប់មនុស្សតជំនាន់ ទី៥៖ ដោះស្រាយបញ្ហាទិញដីនិងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ និង ទី៦៖ ត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌ ដែលយុទ្ធសាស្ត្រទាំងនេះ ជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា និងរស់នៅប្រកបដោយភាពសុខដុមរមនា។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃដដែលឯកឧត្តមឧនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានអញ្ជើញ កាត់ខ្សែបូ សម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរីផងដែរ។ អគាររដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី ត្រូវបាន ជួសជុលកែលម្អអពីឆ្នាំ ២០២០ ដល់ ឆ្នាំ២០២៥ រយៈពេល ៦ ឆ្នាំ។ អគារនេះមានកម្ពស់ ២ ជាន់ ដែលមានទំហំ ១៧,៥ ម៉ែត្រ គុណនឹង ២៤ ម៉ែត្រ, កម្ពស់សរុប ១៣,៩ ម៉ែត្រ ចែកចេញ ជា ជាន់ផ្ទាល់ដីមាន ០៤ បន្ទប់ និងជាន់ទី ១ មានធ្វើការ ០២បន្ទប់ និងសាលប្រជុំ ០១ ៕














Powered by Blogger.