ហ្សេលេនស្គី តែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្តូររដ្ឋមន្រ្តីការពារជាតិ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានដាក់ឧបនាយករដ្ឋមន្ត្រីទីមួយ លោកស្រី Yulia Svyrydenko ឱ្យកាន់តំណែងនាយករដ្ឋមន្រ្តីដើម្បីដឹកនាំរដ្ឋាភិបាល និងប្តូររដ្ឋមន្រ្តីការពារជាតិថ្មី។
នេះជាការផ្លាស់ប្តូរផ្នែកនយោបាយនៅអ៊ុយក្រែន
ខណៈកំពុងធ្វើសង្រ្គាមជាមួយរុស្ស៉ី។ លោកស្រី Svyrydenko អាយុ ៣៩ឆ្នាំគឺជាអ្នកសេដ្ឋកិច្ចម្នាក់
ហើយបម្រើការជាឧបនាយករដ្ឋមន្ត្រីទីមួយរបស់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២១។
លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាពេលថ្មីៗ
ជុំវិញកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក។
តាមការបង្ហោះសារនៅលើបណ្តាញសង្គម
X លោក ហ្សេលេនស្គី គូសបញ្ជាក់ដូច្នេះថា «យើងបានពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីជំរុញសក្តានុពលសេដ្ឋកិច្ច
ពង្រីកកម្មវិធីគាំទ្រសម្រាប់អ៊ុយក្រែន និងបង្កើនការផលិតអាវុធក្នុងស្រុក។
ដើម្បីបំពេញគោលដៅនេះ
យើងកំពុងផ្តួចផ្តើមផ្លាស់ប្តូរក្បាលម៉ាស៉ីនដឹកនាំនៅក្នុងប្រទេស»។
លោក ហ្សេលេនស្គី
ក៏បានឱ្យដឹងថា លោក Denys Shmyhal ដែលជានាយករដ្ឋមន្ត្រីអ៊ុយក្រែនបច្ចុប្បន្ន
ត្រូវទៅកាន់តំណែងរដ្ឋមន្ត្រីការពារជាតិវិញ ដោយនិយាយថា
លោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការងារនេះ។ លោក Shmyhal នឹងជំនួសលោក Rustem Umerov ដែលលោក ហ្សេលេនស្គី
ថាអាចនឹងត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅទីក្រុងវ៉ាស៉ីនតោន៕ (ប្រភព៖ Reuters)
Post a Comment