ព្រឹកនេះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធមជ្ឈ​មណ្ឌល​ផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក។

មជ្ឈមណ្ឌលផ្កាឈូក មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌល​នេះ ជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។

មជ្ឈមណ្ឌលផ្កាឈូក ជាកន្លែងដំបូងបង្អស់តែមួយគត់នៅកម្ពុជា សម្រាប់ដោះស្រាយ ការប្រឈមនៃការជួញដូរ កេងប្រវញ្ចលើកុមារជាពិសេសតាមបណ្តាញអ៊ីនធើណេត។ នេះគឺជាមជ្ឈមណ្ឌលលំដាប់ពិភពលោក ដែលនឹងក្លាយជាទីតាំងរបស់ក្រុមការងារ​ប្រឆាំង​ឧក្រិដ្ឋកម្មអ៊ិនធឺណិតទៅលើកុមារនៅកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងដាក់​ប្រទេស​​កម្ពុជាជាចំណុចកណ្តាល នៃការប្រយុទ្ធប្រឆាំងនឹងអ្នកដែល​ព្យាយាមធ្វើបាប​កុមារ។

មជ្ឈមណ្ឌលផ្កាឈូក នឹងកំណត់ស្តង់ដារថែទាំមួយសម្រាប់កុមាររងគ្រោះ ក្នុងប្រទេស​កម្ពុជា។ វាជាទីកន្លែងមួយ ដែលជនរងគ្រោះនៅរស់រានមានជីវិតទទួលបាននូវ​ការ​យកចិត្តទុកដាក់ដោយសេចក្តីថ្លៃថ្នូរ និងការគោរព។

មជ្ឈមណ្ឌលផ្កាឈូក ត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តល់នូវសេវា​កម្មដែល​មាន​កំរិតខ្ពស់ ទៅដល់កុមាររងគ្រោះនៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព ការថែ​ទាំ និងការគាំទ្រ។ ការរចនារបស់មជ្ឈមណ្ឌលនេះ ត្រូវបានទទួលការកោតសរសើរ​ពី​ដៃ​គូអន្តរជាតិ ហើយត្រូវបានគេពិពណ៌នាថាជាគំរូរួមមួយ ដែលអាចយកទៅចម្លងជា​អន្តរ​ជាតិ៕



 

Powered by Blogger.