ក្រសួងការពារជាតិ ស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើការស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ថ្នាក់ដឹកនាំក្រសួងខាងលើ
បានបញ្ជាក់ថា កម្ពុជាសូមធ្វើការគូសបញ្ជាក់ថា៖
ការអនុវត្តគោលការណ៍ម៉ឺងម៉ាត់របស់កងទ័ពកម្ពុជា
គឺធានាថាមិនមានការប្រព្រឹត្តិនូវសកម្មភាពអ្វីដែលខុសប្រក្រតី
ដោយមិនបានឆ្លងកាត់ការឯកភាពគ្នាជាមុន
ពិសេសប្រាសចាកខុសពីខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ភាគីទាំងសងខាង។ តាមកិច្ចព្រមព្រៀង
ប្រាសាទតាមាន់ធំត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល។ ជាអកុសលនៅថ្ងៃនោះ
វេលាម៉ោង១៥:១៥នាទី ក្រោយប្រាសាទតាមាន់ធំត្រូវបិទការឡើង ហើយកងកម្លាំងសម្របសម្រួល
និងការពារទាំងអស់នៅទីនោះបានចុះពីទីតាំងប្រាសាទរួចហើយ។ ក៏ស្រាប់តែមានករណីភាគីថៃបើកឱ្យឡើងប្រាសាទពីសំណាក់ក្រុមអ្នកទេសចរជនជាតិថៃចំនួនរហូតដល់១០០នាក់
ក្នុងនោះក៏មានវត្តមានរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ
និងជាប្រធានគណបក្សភុំចៃថៃផងដែរ
ដោយមិនមានការជូនដំណឹងជាមុនដូចការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃនោះទេ។
ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ
គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ
ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។
លោកជំទាវ
បានបន្តថា កងកម្លាំងកម្ពុជាបានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់
មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច
ចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន
និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ជាព័ត៌មានមិនពិត
បាននាំមកនូវការភាន់ច្រឡំ និងជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់
រើសអើងជាតិសាសន៍ទាំងពីរ
ព្រោះមិនបានឆ្លុះបញ្ចាំងនូវរឿងរ៉ាវទាំងស្រុងនោះទេគឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។
កម្ពុជាអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសថៃ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លើសបំភ្លៃ
បំភាន់ ក្នុងចេតនាបង្កាច់បង្ខូច ឬប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះកម្ពុជា។
សូមក្រើនរំលឹកជាថ្មីម្តងទៀត
ឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ
និងម៉ឺងម៉ាត់ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភាន់ការពិត
ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ
នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព
ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ
ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត៕
Post a Comment