ADB នឹងបង្កើនកិច្ចសហប្រតិបត្តិការលើគម្រោងកសាងហេដ្ឋារចនាសម័ន្ធគំាទ្រទេសចរណ៍ថ្មីបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ អនុញ្ញាតជូនលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីលទ្ធផលអនុវត្តគម្រោងកន្លងមក និងពិភាក្សាអំពីគម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទេសចរណ៍ថ្មីបន្ថែមជាមួយក្រសួងទេសចរណ៍ ដែលមានគោលដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ នាទីស្តីការក្រសួង។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្លានេះ លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបានជួយផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យនូវគម្រោងគំាទ្រវិស័យទេសចរណ៍ធំៗ និងសំខាន់ជាច្រើន ជាពិសេសគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងការអភិវឌ្ឍន៍តំបន់ឆ្នេរ។ តាមរយៈលទ្ធផលជាផ្លែផ្កាពីគម្រោងកន្លងមក កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ និងដោយយល់ច្បាស់អំពីការចូលរួមចំណែករបស់វិស័យទេសចរណ៍ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកពីគម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទេសចរណ៍ថ្មីៗ និងសំខាន់បន្ថែមទៀតជាមួយក្រសួងទេសចរណ៍។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីនាយិកាដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្តអនុវត្តគម្រោងវិនិយោគស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ថ្មី និងក្នុងទំហំទឹកប្រាក់វិនិយោគដ៏ច្រើនបន្តទៀតជាមួយក្រសួងទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និងប្រជាជនកម្ពុជា៕




Post a Comment