ព្រឹកនេះ កម្ពុជា-ថៃ បើកគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារកិច្ចការព្រំដែនកម្ពុជា និងថៃ នឹងបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ
តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន
ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។
នៅថ្ងៃទី១៤ ខែមិថុនានេះ គឺជាខួបទី២៥ឆ្នាំ នៃអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០០ (MoU2000) ដែលកម្ពុជាតែងតែយកមកជាសំអាង រាល់ពេលដោះស្រាយជម្លោះជាមួយភាគីថៃ ហើយនៅថ្ងៃនេះ ក៏ជាថ្ងៃដំបូង នៃកិច្ចប្រជុំ JBC រវាងកម្ពុជាថៃ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធ ថ្ងៃ២៨ឧសភាផងដែរ។
មុនកិច្ចប្រជុំ១ថ្ងៃ កាលពីយប់មិញនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាពីរដែលនឹង
មិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC នេះទេក្នុងនោះរួមមាន៖
ទី១៖ បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ
ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ
JBC នេះទេ
ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ
(ICJ) ។ ដោយសម្តេចបានបញ្ជាក់ថា «ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ
JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ?
ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា
បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា
២០២៥ ខានស្អែកនេះ»។
ទី២៖ បញ្ហាការបិទព្រំដែន
ក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC
ទេ។ សម្តេចបានបញ្ជាក់ថា ម្យ៉ាងទៀតគឺ
ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ
បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧
មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ
ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។
ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់
ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សម្ពាធពីខាងក្រៅ។
សម្តេចបានបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។
ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរនោះទេ។
រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតភាគី។
មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច៕
Post a Comment