កម្ពុជា និងអូស្រ្តាលី ធ្វើការរួមគ្នាឆ្ពោះទៅកាន់សន្និសីទបណ្តាភាគីលើកទី៣០ និងទី៣១ ស្តីពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញឯកឧត្តម សាន វណ្ណទី រដ្ឋមន្ត្រីស្តីទីក្រសួងបរិស្ថាន អមដោយលោកជំទាវ ឃឹមភុន កេសរ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបលោក Ashley Brosnan ទីប្រឹក្សាថ្នាក់តំបន់ផ្នែកប្រែប្រួលអាកាសធាតុរបស់ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសសិង្ហបុរី និងក្រុមការងារ ស្តីពីការរៀបចំឆ្ពោះទៅកាន់ COP 30 នៅប្រទេសប្រេស៊ីល និង COP31 ដែលប្រទេសអូស្រ្តាលីធ្វើជាម្ចាស់ផ្ទះ។

កិច្ចពិភាក្សាកោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតអូស្រ្តាលី នាពេលកន្លងមក ជាពិសេសការងារការឆ្លើយតបការប្រែប្រួលអាកាសធាតុ កិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងបានចូលរួមអបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់«ផែនការយុទ្ធសាស្ត្រឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ ២០២៤-២០៣៣» កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ និងភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើការរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុ NDC3.0។
ភាគីទាំងពីរ បានឯកភាពគ្នា នៅពេលដែលអូស្រ្តាលីធ្វើជាម្ចាស់ផ្ទះត្រូវផ្តួចផ្តើមកៀរគរធនធានឱ្យបានច្រើនសម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ និងបង្កលក្ខណៈងាយស្រួលក្នុងការទទួលបានថវិកា។ អូស្រ្តាលីនឹងពិចារណចូលរួមសិក្សាលទ្ធភាពនៃការអនុវត្ត និងគាំទ្រគម្រោងចីរភាពទន្លេសាប និងនិងរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងបរិស្ថានកម្ពុជា និងអូស្ត្រាលី ឆ្ពោះទៅកាន់ COP31 ដែលប្រទេសអូស្រ្តាលីធ្វើជាម្ចាស់ផ្ទះផងដែរ៕




Powered by Blogger.