កម្ពុជា ស្នើដោយទទូចឱ្យមានតម្លាភាពក្នុងការចែករំលែកផលប្រយោជន៍ ទោះជាទម្រង់លុយកាក់ក្តី ឬទម្រង់ផ្សេងក្តី ក្នុងដំណើរការ អនុវត្តកិច្ចព្រមព្រៀង BBNJ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថា ក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ​ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ទីក្រុងនីស ប្រទេសបារាំង កាលពីរសៀលថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា ស្នើដោយទទូចឱ្យមានតម្លាភាព ក្នុងការចែករំលែកផលប្រយោជន៍ ទោះជាទម្រង់លុយកាក់ក្តី ឬទម្រង់ផ្សេងក្តី ក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង BBNJ

ក្នុងសន្ទរកថា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ កម្ពុជា ប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពទី១៤ ។ បន្ថែមលើនេះ​កម្ពុជា បានបោះឆ្នោតគាំទ្រ សេចក្តីសម្រេចចិត្តស្តីពី «មហាសមុទ្រ និងច្បាប់សមុទ្រ» ដែលទទួលបានការគាំទ្រ យ៉ាងច្រើនលើសលប់ ពីបណ្តាប្រទេសចំនួន ១៥២ ក្នុងអំឡុងពេលនៃមហាសន្និបាត​ អង្គការសហប្រជាជាតិលើកទី៧៩ (UNGA79) ។ ការខិតខំប្រឹងប្រែងទាំងអស់នេះ ស្តែងឱ្យឃើញនូវការយល់ដឹងស៊ីជម្រៅរបស់កម្ពុជាថា ការការពារជីវិតនៅលើដី មិនអាចកាត់ផ្តាច់ពីការថែរក្សាជីវិតនៅក្រោមមហាសមុទ្របានឡើយ ។

ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់ខ្លួន ដើម្បីក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលត្រូវបានអនុម័តកាលពីថ្ងសទី១៩ មិថុនា ឆ្នាំ២០២៣ ។ ថ្ងៃនេះ ខ្ញុំសូមប្រកាសដោយមោទនភាពថា កម្ពុជា នឹងឈានមួយជំហានទៅមុខទៀត ដោយយល់ព្រមចុះហត្ថលេខា​ លើកិច្ចព្រមព្រៀងង BBNJ ដើម្បីបញ្ជាក់ជាផ្លូវការនូវការប្តេជ្ញាចិត្តរបស់ខ្លួន” ។

សម្តេចធិបបតី បានគូសបញ្ជក់ថា កម្ពុជា ស្នើដោយទទូចឱ្យមានតម្លាភាព ក្នុងការចែករំលែកផលប្រយោជន៍ ទោះជាទម្រង់លុយកាក់ក្តី ឬទម្រង់ផ្សេងក្តី ក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង BBNJ

ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា កម្ពុជា អំពាវនាវសហគមន៍អន្តរជាតិ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីពង្រឹងសមត្ថភាពអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធាន ប្រកបដោយចីរភាព ការគាំទ្រទាំងនេះ រួមមានការធានា នូវលទ្ធភាពទទួលបាន ចំណេះដឹង បច្ចេកវិទ្យា និងមូលនិធី ជាពិសេសសម្រាប់ ការស្រាវជ្រាវសមុទ្រ ការតាមដានត្រួតពិនិត្យ និងការបង្កើតនូវរបៀបរបបគ្រប់គ្រង ការនេសាទប្រកបដោយភាពរឹងមាំ និងចីរភាព ដោយត្រូវធានាថា គ្មានប្រទេសណាមួយ ត្រូវបានគេទុកចោល ក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីការពារមហាសមុទ្រនោះឡើយ ។

សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “មហាសមុទ្រមិនចេះនិយាយស្តីទេ វាពឹងផ្អែកលើយើងទាំងអស់គ្នា អ្វីដែលយើងធ្វើថ្ងៃនេះ ជាកត្តាកំណត់ថា តើទៅថ្ងៃអនាគតមហាសមុទ្រ នឹងអាចបន្តចិញ្ចឹមនិងការពារយើងតទៅទៀត ឬមួយក៏វានឹងក្លាយទៅជានាវាដែលលិចដ៏ធំធេង និងយ៉ាងស្ងាត់ស្ងៀម ដោយសារតែ ភាពអសកម្មរបស់យើង? កម្ពុជា ត្រៀមជាស្រេច ដើម្បីធ្វើសកម្មភាព ដើម្បីសហការ និងដើម្បីការពារ ។ កម្ពុជា សូមអំពាវនាវ ឱ្យមានសកម្មភាព ប្រកបដោយក្តីក្លាហាន ឱ្យមានការរួបរួមគ្នាយ៉ាងម៉ឺងម៉ាត់ ដើម្បីមហាសមុទ្រ ដើម្បីប្រជានយើង និងដើម្បីអ្នកជំនាន់ក្រោយ”៕



 

 

Powered by Blogger.