ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងតំណាងមន្ទីរសាធារណការខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងសហការជាមួយតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្តតាស៊ី រថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ជូនទំនិញ នៅចំណតរថយន្តមហោស្រពចាស់ ស្ថិតនៅសង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ 

នៅក្នុងឱកាសនោះលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានផ្សព្វផ្សាយថាសុវត្ថិភាពក្នុងការបើកបរយានយន្តលើដងផ្លូវត្រូវការគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនបើកបរបញ្ច្រាស់ទិសចរាចរណ៍ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ មិនបើកបរមានល្បឿនលឿន មិនបើកបរក្នុងស្ថានភាពស្រវឹង ឬងងុយដេក ជៀសវាងពីការប្រើប្រាស់គ្រឿងញៀន ជាដាច់ខាត ជាពិសេសពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមបងប្អូនទាំងអស់គ្នា ជួយផ្សព្វផ្សាយបន្តដល់អ្នកបើកបររថយន្តទាំងអស់ បើកបរដោយការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតដើម្បីជៀស ផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ៕











Powered by Blogger.