ការដាក់ចេញនូវពន្ធគយរបស់សហរដ្ឋអាម៉េរិកគំរាមកំហែងដល់ពាណិជ្ជកម្មសេរី និងបង្កឱ្យមានអស្ថិរភាពសេដ្ឋកិច្ចសកល

អត្ថបទ៖ ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

បរទេស៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសពីការដាក់ពន្ធគយទៅវិញទៅមក (reciprocal tariff) លើទំនិញនាំចូលពីប្រទេសចំនួន ៦០ រួមទាំងប្រទេសចិន អឺរ៉ុប និង អាស៊ានផងដែរ ក្រោមហេតុផលថា ដើម្បីដោះស្រាយអតុល្យភាពជញ្ជីងពាណិជ្ជកម្ម ការពារ អធិបតេយ្យភាព និងពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។ 

យ៉ាងណាមិញ ការដាក់ “ពន្ធគយទៅវិញទៅមក“ ដោយអាម៉េរិក ត្រូវបានមេដឹកនាំពិភពលោក និងអ្នកវិភាគអន្តរជាតិនានា មើលឃើញថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ពិភពលោក និងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្មដែលផ្អែកលើច្បាប់។ ទង្វើរបស់អាម៉េរិក បាន និងកំពុងរុញច្រានឱ្យពិភពលោកងាកទៅរកនិន្នាការមួយ ដែលមានចរិតគាំពារនិយម ប្រាសចាកពីបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងបង្កឱ្យមានអស្ថិរភាពសេដ្ឋកិច្ចសកល ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាបន្ទាន់ជាច្រើនដែលត្រូវដោះស្រាយ។ 

ផលវិបាកសេដ្ឋកិច្ចភ្លាមៗមួយនៃការដាក់ចេញនូវពន្ធគយខាងលើ គឺការកើនឡើងតម្លៃទំនិញប្រើប្រាស់ និងអតិផរណា។ យោងតាមការព្យាករណ៍របស់មជ្ឈមណ្ឌលវឌ្ឍនភាពអាម៉េរិក ការដាក់ចេញនូវរបាំងពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើឱ្យពលរដ្ឋអាម៉េរិកខាតបង់ជាមធ្យមមួយឆ្នាំប្រមាណ ៥២០០ ដុល្លា ក្នុងមួយគ្រួសារ ហើយអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺអ្នកមានចំណូលទាប និងចំណូលមធ្យម។ សេដ្ឋកិច្ចវិទូ JP Morgan បានព្រមានថា អាម៉េរិកអាចនឹងជួបប្រទះនូវការធ្លាក់ចុះសេដ្ឋកិច្ច (recession) នៅពេលដែលអំណាចទិញរបស់អ្នកប្រើប្រាស់មានការធ្លាក់ចុះដោយសារការកើនឡើងនៃអតិផរណា ដែលបណ្តាលមកពីការដំឡើងពន្ធគយខាងលើ។   

លើសពីនេះទៅទៀត ពន្ធគយដែលដាក់ចេញដោយលោកត្រាំ នឹងជំរុញឱ្យមានវិធានការវាយបកពីដៃគូពាណិជ្ជកម្មអន្តរជាតិ ដែលនឹងឈានដល់ការផ្ទុះនូវសង្គ្រាមពាណិជ្ជកម្មសកល ដែលមិនធ្លាប់កើតមានក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ។ សូម្បីតែសម្ព័ន្ធមិត្តរបស់អាម៉េរិកដូចជាអឺរ៉ុប និងកាណាដា ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំង ព្រមទាំងព្រមានថានឹងដំឡើងនូវពន្ធគយលើការនាំចូលពីអាម៉េរិក ជាការឆ្លើយតប។ 

ស្របពេលជាមួយគ្នានេះ ប្រទេសចិនក៏បានចាត់វិធានការវាយបកជាមួយនឹងការដាក់ចេញនូវពន្ធគយចំពោះគ្រប់ទំនិញនាំចូលពីអាម៉េរិក ដែលនឹងចូលជាធរមាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងចាប់ផ្តើមរឹតត្បិតដល់ការនាំចេញទៅអាម៉េរិកនូវសារធាតុដីកម្រ (rare earth) និងសារធាតុរ៉ែផ្សេងទៀត ដែលសុទ្ធសឹងតែចាំបាច់សម្រាប់វិស័យអេឡិចត្រូនិក និងឧស្សាហកម្មយោធា។ 

ដរាបណារដ្ឋបាលរបស់លោកត្រាំនៅតែការប្រកាន់យករបាំងពាណិជ្ជកម្មពន្ធគយ ជាក្បួនមាសសម្រាប់យុគសម័យមាសរបស់អាម៉េរិក នោះសង្គ្រាមពាណិជ្ជកម្មនឹងលេចចេញជារូបរាងឡើងសាជាថ្មី ហើយការប៉ះទង្គិចគ្នាក្នុងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំៗ គេចមិនផុតពីបង្កើតការរំខានដល់ខ្សែច្រវាក់ផលិតកម្ម/ផ្គត់ផ្គង់សកល ដែលនឹងជះឥទ្ធិពលយ៉ាងអវិជ្ជមានដល់សេដ្ឋកិច្ចសកល។ 

ប្រសិនបើនិន្នាការនេះនៅតែបន្ត ពិភពលោកអាចនឹងជួបប្រទះនូវស្ថានភាពដែលធ្លាប់កើតមានឡើងក្នុងទស្សវត្សឆ្នាំ១៩៣០ នៅពេលដែលសង្រ្គាមពាណិជ្ជកម្មបានវិវត្តទៅជាជម្លោះប្រដាប់អាវុធ និងចុងក្រោយក្លាយទៅជាសង្គ្រាមលោកលើកទី២។ ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា គ្មាននរណាម្នាក់នឹងទទួលបានផលប្រយោជន៍ពីសង្រ្គាមពាណិជ្ជកម្មឡើយ មានតែកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះទេ ទើបនាំទៅរកសន្តិភាព ស្ថរិភាព និងវិបុលភាពរួម។ 

ការដំឡើងពន្ធគយរបស់អាម៉េរិកមិនត្រឹមតែផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាជនអាម៉េរិកដែលមានចំណូលទាប និងមធ្យមនោះទេ តែថែមទាំងគំរាមកំហែងដល់ពាណិជ្ជកម្មសេរី និងបង្កឱ្យមានអស្ថិរភាពសេដ្ឋកិច្ចសកលផងដែរ។ ជំនួសឱ្យការដាក់ចេញនូវរបាំងពន្ធគយ អាម៉េរិកគួរតែព្យាយាមដោះស្រាយនូវភាពខុសគ្នាជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន តាមរយៈការចរចា និងកិច្ចសន្ទនាត្រង់ទៅមក ដើម្បីប្រយោជន៍រួមរបស់ពលរដ្ឋអាម៉េរិក និងប្រជាពលរដ្ឋសកល ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាដ៏ស្មុគ្រស្មាញជាច្រើនដែលត្រូវដោះស្រាយ៕






Powered by Blogger.