រដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា
អត្ថបទ៖ ក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញាតឱ្យលោក Thamarak La-Ongual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃឡង់ដ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីការងារសកម្មភាពរបស់សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាកន្លងមកនេះ។
រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា
ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ
ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ដែលជាកម្លាំងមិនអាចខ្វះបាន និងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍសង្គមជាតិឱ្យរុងរឿង។
រដ្ឋមន្រ្តី នេត្រ ភក្ត្រា
ក៏បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ
ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការបណ្ដុះបណ្ដាលធនធានមនុស្ស
ហើយលោកបានសំដែងនូវអំណរគុណដល់សកលវិទ្យាល័យ ដែលបានផ្តល់នូវអាហារូបករណ៍មកឱ្យមន្ត្រីក្រសួងព័ត៌មាន
និងកូនចៅ របស់ថ្នាក់ដឹកនាំមន្រ្តីក្រសួងព័ត៌មាន។
នៅចំពោះមុខសាកលវិទ្យាធិការ
នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី, រដ្ឋមន្ត្រី
នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧
ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ការបណ្តុះបណ្តាលធនធានមនុស្សជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល
ដោយនិយាយពីការអភិវឌ្ឍមូលធនមនុស្ស អ្នកដែលមានចំណេះដឹង មានស្នាដៃ មានទេពកោសល្យ
មានសុខភាពល្អ និងមានសុជីវធម៌ ដែលជាផ្នែកមួយនៃការយកចិត្តទុកដាក់
របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា
កន្លងមកនេះនិស្សិតកម្ពុជា បានចេញទៅសិក្សានៅក្រៅប្រទេសជាច្រើន
តាមរយៈអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋាភិបាលប្រទេសនានា ជាមិត្តភក្តិ
ដូចជាបណ្តាប្រទេសនៅទ្វីបអឺរ៉ុប អាមេរិក ព្រមទាំងបណ្តាប្រទេសក្នុងទ្វីបអាស៉ី
រួមទាំងតំបន់អាស៊ានជាដើម។ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា
ដោយឡែកនៅក្នុងក្របខណ្ឌនៃការជ្រើសរើស និងផ្តល់អាហារូបករណ៍ដល់និស្សិត
ដែលផ្តល់ដោយសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីនេះ គឺមានការគ្រប់គ្រង
ជ្រើសរើសបេក្ខភាពដែលត្រូវទទួលអាហារូបករណ៍ ឆ្លងកាត់ការធ្វើតេស្តសមត្ថភាព
ព្រមទាំងការពិនិត្យមើលលក្ខខណ្ឌផ្សេងៗដើម្បីបំពេញឱ្យគ្រប់លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍ជាដើម។
បន្ថែមពីនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា
ក៏បានបញ្ជាក់ថា សម្រាប់ការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា
គឺជាការអាហារូបករណ៍ជួយដល់និស្សិតមានសមត្ថភាព ជានិស្សិតដែលទទួលបានការវាយតម្លៃពីគណៈកម្មការផ្តល់អាហារូបករណ៍ថាជានិស្សិតដែលខិតខំប្រឹងប្រែង
ព្យាយាមអំណត់ក្នុងការសិក្សារៀនសូត្រ។ ពីព្រោះតម្លៃនៃការផ្តល់អាហារូបករណ៍នីមួយៗ
គឺសុទ្ធសឹងតែមានតម្លៃ ដូច្នេះ គឺមិនអាចផ្តល់ឱ្យនិស្សិតរូបណាដែលមិនបានខិតខំ
យកចិត្តទុកដាក់សិក្សានោះទេ។
បើតាមលោក Thamarak La-Ongual ក៏បានបង្ហាញនូវការកោតសរសើរ
និងស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា
ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន
តាមរយៈគណៈកម្មការផ្តល់អាហារូបករណ៍ក្រសួងព័ត៌មាន។
សាកលវិទ្យាធិការ
នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី បានជម្រាបជូនលោករដ្ឋមន្រ្តីថា
និស្សិតខ្មែរបានទៅសិក្សានៅសាកលវិទ្យាល័យ មានចំនួនច្រើន
ហើយតាមការសង្កេតរបស់សាកលវិទ្យាល័យកន្លងមកនិស្សិតខ្មែរ មានចរិយាសម្បត្តិល្អ
ទន់ភ្លន់ និងមានចំណេះដឹងទូលំទូលាយ ដែលជាគំរូដល់និស្សិតបរទេសជាច្រើន៕
Post a Comment