ប្រធានាធិបតីបារាំង សុំឱ្យរក្សាភាពស្ងៀមស្ងាត់ ក្រោយជម្លោះពាក្យសម្តីរវាង ត្រាំ និង ហ្សេលេនស្គី
ប្រភព៖ AFP
ប៉ារីស៖ ការិយាល័យប្រធានាធិបតីបារាំង បានឱ្យដឹងថា លោក អេម៉ានុយអែល ម៉ាក្រុង បានសន្ទនាជាមួយ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយនិងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីមេដឹកនាំទាំងពីររូប បានទាស់ទែងពាក្យសម្តីគ្នាយ៉ាងតឹងសរសៃក នៅសេតវិមាន។
ជម្លោះពាក្យសម្តីដ៏ភ្ញាក់ផ្អើល
កាលពីថ្ងៃសុក្រសប្តាហ៍នេះ រហូតដល់ថ្នាក់ លោក ហ្សេលេនស្គី
ត្រូវបានប្រាប់ឱ្យចាកចេញពីសេតវិមានតែម្តងនោះ
កំពុងបង្កើនការភ័យព្រួយកាន់តែខ្លាំងថែមទៀតនៅអឺរ៉ុប
អំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន
នៅក្នុងសង្រ្គាមតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែលឥឡូវ បានឈានចូលឆ្នាំទី៤ហើយ។
ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន
លោក ម៉ាក្រុង បានអំពាវនាវឱ្យលោក ហ្សេលេនស្គី និងលោក ត្រាំ
ប្រកាន់ភាពស្ងៀមស្ងាត់វិញកុំឆេវឆាវ។ លោកប្រធានាធិបតីបារាំង បានលើកឡើងដូច្នេះថា «គ្រប់គ្នាគួរតែវិលទៅរកភាពស្ងៀមស្ងាត់ និងការគោរពគ្នាទៅវិញទៅមក
ដើម្បីយើងអាចបន្តបោះជំហានឆ្ពោះទៅមុខដោយរឹងមាំ ព្រោះថា
អ្វីដែលកំពុងប្រឈមហានិភ័យនាពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់»។
លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា
ប្រសិនបើអាមេរិកសម្រេចចិត្តឈប់ជួយគាំទ្រអ៊ុយក្រែន
គឺវានឹងមិនបម្រើដល់ផលប្រយោជន៍អាមេរិកឡើយ ដ្បិតការបង្ខិតបង្ខំឱ្យទីក្រុងកៀវ
យល់ព្រមចំពោះបទឈប់បាញ់ណាមួយ ទាំងមិនមានការធានាសន្តិសុខច្បាស់លាស់
មុខជានឹងធ្វើឱ្យសហរដ្ឋអាមេរិក បាត់បង់ទាំងស្រុងនូវសមត្ថភាពរបស់ខ្លួន
ដើម្បីកំញើញទប់ស្កាត់រុស្ស៉ី ចិន ក៏ដូចជាគូបដិបក្ខដទៃទៀតមិនខាន៕
Post a Comment