ត្រាំ ថា លោកនៅតែមានទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនាថាលោកនៅតែមានទំនាក់ទំនងល្អជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែល រូបលោកធ្លាប់បានជួបជាច្រើនលើកអំឡុងអាណត្តិទី១របស់លោក ហើយបានហៅកូរ៉េខាងជើងជាថ្មីម្ដងទៀតថាជាមហាអំណាចនុយក្លេអ៊ែរ។
កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ
ពោលជាថ្ងៃស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២របស់លោក លោក
ត្រាំ ក៏ធ្លាប់បានហៅកូរ៉េខាងជើងថាជាមហាអំណាច នុយក្លេអ៊ែរមួយផងដែរ
ដោយបង្កឱ្យមានការចោទសួរថាតើលោកអាចនឹងបន្តស្វែងរកកិច្ចចរចាកាត់បន្ថយអាវុធនុយក្លេអ៊ែរ
ជាជាងកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ ឬក៏យ៉ាងណា ខណៈកាលពី អាណត្តិទី១
កិច្ចប្រជុំកំពូលរបស់លោក ត្រាំ ជាមួយលោក គីម ជុងអ៊ុន បានទទួលបរាជ័យ។
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មានអំឡុងជំនួបជាមួយប្រមុខ
NATO
លោក Mark Rutte ថាតើរូបលោកមានផែនការបង្កើតទំនាក់ទំនងជាមួយលោក
គីម ដែរឬទេ លោក ត្រាំ បានឆ្លើយថា «ខ្ញុំនឹងបង្កើត...ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោក
គីម ជុងអ៊ុន ហើយយើងនឹងបានឃើញថានឹងមានអ្វីកើតឡើង ប៉ុន្តែជាការពិត
គាត់គឺជាមហាអំណាចនុយក្លេអ៊ែរមួយ»៕
Post a Comment