អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៧ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»

ភ្នំពេញ៖ ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៣ ខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។

ការប្រារព្ធទិវាវប្បធម៌ជាតិ ក៏ជាការជំរុញការផ្សព្វផ្សាយអំពីវប្បធម៌ជាតិ ក៏ដូចជាក្រើនរំលឹក និងបំផុសស្មារតីស្រឡាញ់វប្បធម៌ បណ្ដុះមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់។ ជាពិសេស យុវជនជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចបន្តថែរក្សាការពារនូវកេមរតកវប្បធម៌ដ៏ថ្លៃថ្លាឱ្យស្ថិតស្ថេរគង់វង្ស រក្សាបាននូវឯកភាពជាតិសាមគ្គីភាព សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជាតិទាំងមូល ស្របតាមទិសស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌»។

ក្នុងសារាចរ ស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» គឺលើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្ដីថ្នៃថ្នូ និងកិត្យានុភាព ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស។ 

ប្រធានបទខាងលើនេះ ក៏ដើម្បីបង្កើនការយល់ដឹងតម្លៃមហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវានិងផលិតផលវប្បធម៌ថ្មីៗ ប្រកបដោយភាពច្នៃប្រតិដ្ឋ ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដែលរួមចំណែកដល់ការបង្កើតការងារឱ្យកាន់តែច្រើន។ ការណ៍នេះដើម្បីសំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

លើកម្ពស់ភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍ នៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថលព្រមជាមួយនឹងគំនិតផ្ដួចផ្ដើមថ្មីៗ ឈរលើមូលដ្ឋានអត្តសញ្ញាណជាតិ ដើម្បីបង្កើនភាពទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់ការចូលរួមក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេសកុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមានពិការភាព ក្រោមទិស្លោក «សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា» 

លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ទំនងពីសង្គមមួយ ទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅប្រទេសមួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។ 

គួរជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៅទូទាំងប្រទេស។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំឭកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែប និងមានតម្លៃ មិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជន ដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិរក្សវប្បធម៌ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

 ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ងត៍រស់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយ ទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយ ទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម៕




Powered by Blogger.