គម្រោង «មនសិការពលរដ្ឋល្អ» ត្រូវបានអនុវត្តនៅសាលារៀនចំនួន២ក្នុងខេត្តស្ទឹងត្រែង

អត្ថបទ៖ ដេង ម៉ាវិន ស.ត

ខេត្តស្ទឹងត្រែង៖ លោក ម៉ែន គង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគម្រោង មនសិការពលរដ្ឋល្អ បានឱ្យដឹងថា៖កម្មវិធី «មនសិការពលរដ្ឋល្អ» បង្កើតឡើងក្នុងគោលបំណងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជន ដើម្បីក្លាយជាសរសរទ្រូង និងជាធនធានសម្រាប់ប្រទេសជាតិ។ បណ្តុះគំនិតច្នៃប្រឌិតលើជំនាញទន់និងភាពជាអ្នកដឹកនាំ។ ផ្តល់ឱកាសឱ្យយុវជនមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គមដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី៥មករា២០២៥នេះ លោក ម៉ែន គង់ បានបញ្ជាក់ថា៖គម្រោង «មនសិការពលរដ្ឋល្អ» ជាកម្មវិធីដែលបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា កំពុងត្រូវបានអនុវត្តនៅលើសាលាចំនួនពីរក្នុងខេត្តស្ទឹងត្រែង ក្នុងនោះរួមមានៈវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ស្ថិតក្នុងក្រុងស្ទឹងត្រែង និងវិទ្យល័យ ព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់។

លោកបន្តថា៖គម្រោងនេះមានចក្ខុវិស័យកសាង និងអភិវឌ្ឍន៍ធនធានយុវជនប្រកបដោយសមត្ថភាព បំណិនជីវិត គំនិតច្នៃប្រឌិត មនសិការស្នេហាជាតិ និងភាពជាពលរដ្ឋល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយចីរភាព ។

គួបញ្ជាក់ថា៖ខេត្តស្ទឹងត្រែង ជាខេត្ត១ក្នុងចំណោមខេត្តទាំង១២ដែលកំពុងអនុត្តកម្មវិធី «មនសិការពលរដ្ឋល្អ» នេះ៕ 











Powered by Blogger.