មេដឹកនាំហ្គ្រីនឡែន នឹងជួបព្រះមហាក្សត្រដាណឺម៉ាក បន្ទាប់ពី ត្រាំ គំរាមកាន់កាប់កោះអាកទិកដ៏ធំមួយនេះ
ប្រភព៖ Reuters
កូពែនហាក៖ មេដឹកនាំហ្គ្រីនឡែន ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយព្រះមហាក្សត្រដាណឺម៉ាក នៅទីក្រុង Copenhagen បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានលើកឡើងពីបំណងចង់កាន់កាប់កោះអាកទិកដ៏ធំមួយនេះ ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។
ជំនួបរវាងមេដឹកនាំហ្គ្រីនឡែន
និងព្រះមហាក្សត្រដាណឺម៉ាក កើតឡើងចំពេលមានភាពមិនច្បាស់លាស់ ជុំវិញអនាគតរបស់កោះនេះ
ក្រោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក បង្ហាញពីចេតនាចង់កាន់កាប់។ ជំនួបនេះ
អាចជាឱកាសសម្រាប់ភាគីទាំងពីរ ពិភាក្សាពីទំនាក់ទំនងនាពេលអនាគត និងស្វែងរកដំណោះស្រាយ
ចំពោះភាពតានតឹងដែលកំពុងកើតមាន។
ប្រធានាធិបតីជាប់ឆ្នោត
ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា បានបញ្ជាក់កាលពីថ្ងៃអង្គារថា
លោកនឹងមិនបដិសេធការប្រើប្រាស់កម្លាំងយោធា
ឬសកម្មភាពសេដ្ឋកិច្ចដើម្បីធ្វើឱ្យហ្គ្រីនឡែន ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិកនោះទេ។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតីជាប់ឆ្នោតនេះ
បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ថ្លែងកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ
វាយប្រហារលើព្រំដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ។ លោក Barrot បញ្ជាក់បន្ថែមថា
លោកមិនជឿថា សហរដ្ឋអាមេរិកនឹងឈ្លានពានហ្គ្រីនឡែន ដែលជាផ្នែកមួយនៃប្រទេសដាណឺម៉ាក
អស់រយៈពេលជាង ៦០០ ឆ្នាំមកហើយនោះទេ។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់
បានបញ្ជាក់ថា អាល្លឺម៉ង់ឈរលើគោលការណ៍អន្តរជាតិ
ដែលថាព្រំដែនមិនត្រូវផ្លាស់ប្តូរដោយបង្ខំ។
អង្គការណាតូ មិនទាន់ឆ្លើយតបភ្លាមៗ
ចំពោះការលើកឡើងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។ ដាណឺម៉ាក
ជាសមាជិកទាំងសហភាពអឺរ៉ុបនិងណាតូ។ ចំណែកហ្គ្រីនឡែន ដែលមានប្រជាជន ៥៧,០០០ នាក់ និងផ្ទៃដីជាង ២ លានគីឡូម៉ែត្រការ៉េ មិនមែនជាសមាជិកសហភាពអឺរ៉ុបទេ
តែជាសមាជិកណាតូ តាមរយៈទំនាក់ទំនងជាមួយដាណឺម៉ាក៕
Post a Comment