UPDATE៖ ប្រធានាធិបតីកូរ៉េខាងត្បូង ដកច្បាប់អាជ្ញាសឹកវិញ ក្រោយសភាបោះឆ្នោតជំទាស់
ប្រភព៖ Reuters
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយនៅថ្ងៃពុធ ទី៤ ខែធ្នូនេះថាលោកនឹងដកច្បាប់អាជ្ញាសឹកចេញវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស កាលពីប៉ុន្មានម៉ោងមុននេះ ដោយបង្កឱ្យមានភាពចលាចល និងភាពតាងតឹងជាមួយសភាជាតិដែលបានប្រឆាំងនឹងការប៉ុនប៉ងរបស់លោក ក្នុងការហាមឃាត់សកម្មភាពនយោបាយ និងរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ។
ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង
បានកើតឡើងលើកចុងក្រោយបំផុតនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។
រីឯច្បាប់អាជ្ញាសឹកប្រកាសដោយលោក យូន ដែល មានគោលដៅប្រឆាំងសត្រូវនយោបាយរបស់លោក
ត្រូវបានសមាជិកសភា១៩០រូបបោះឆ្នោតប្រឆាំង
ហើយសូម្បីតែគណបក្សរបស់លោកផ្ទាល់ក៏ជំរុញឱ្យរូបលោកដកច្បាប់អាជ្ញាសឹកចេញ ផងដែរ។
នៅក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់កូរ៉េខាងត្បូង
មិនធ្លាប់មាននារយៈពេលរាប់ទសវត្សរ៍មកនេះ លោក យូន
បានធ្វើឱ្យប្រទេសជាតិទាំងមូលរំជើបរំជួលជាមួយការប្រកាសដាក់ចេញច្បាប់ អាជ្ញាសឹក
កាលពីយប់ថ្ងៃអង្គារ ដើម្បីទប់ស្កាត់នូវអ្វីដែលហៅថា «កងកម្លាំងប្រឆាំងរដ្ឋ»
ស្ថិតនៅក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំង
ដែលលោកចោទថាមានទំនោរងាកទៅរក កូរ៉េខាងជើង។ ប៉ុន្តែ
ក្រុមសមាជិកសភាបានបដិសេធក្រឹត្យប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន
ខណៈបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap គណៈរដ្ឋមន្ត្រីរបស់លោក
យូន បានយល់ព្រមដកច្បាប់អាជ្ញាសឹកចេញវិញនៅព្រឹកថ្ងៃពុធនេះ។
យ៉ាងណាក៏ដោយ
គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង បានឱ្យអំពាវនាវឱ្យលោក
យូន ដែលបានឡើងកាន់តំណែងជាប្រធានាធិបតី កាលពីឆ្នាំ២០២០ ចុះចេញពីតំណែង
ឬក៏ត្រូវប្រឈមមុខនឹងនីតិវីធីទម្លាក់ចេញពីតំណែង។
តាមរយៈសេចក្តីថ្លែងការណ៍មួយ
សមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យបានគូសបញ្ជាក់ថា «បើទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានដកចេញវិញក៏ដោយ លោក (លោក យូន)
មិនអាចរួចខ្លួនពីការចោទប្រកាន់ពី ទង្វើក្បត់ជាតិនោះទេ
ហើយវាបានបង្ហាញយ៉ាងច្បាស់ដល់ប្រជាជាតិទាំងមូលថាលោកប្រធានាធិបតី យូន
លែងអាចបន្តដឹកនាំប្រទេសជាប្រក្រតីតទៅទៀតនោះទេ។ លោកគួរតែចុះចេញពី តំណែង»។
នៅក្រោមច្បាប់កូរ៉េខាងត្បូង
ប្រធានាធិបតីត្រូវតម្រូវឱ្យដកច្បាប់អាជ្ញាសឹកវិញជាបន្ទាន់
ប្រសិនបើសភាទាមទារឱ្យដកចេញក្នុងសំឡេងបោះឆ្នោតភាគច្រើន។ ប៉ុន្តែអ្វីដែលសំខាន់
នៅពេលនេះ គឺអនាគតនយោបាយរបស់លោក យូន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់
ក្នុងពេលដែលសភាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំងស្រាប់ផងនោះ៕
Post a Comment