ចិន ថ្កោលទោសអាមេរិកការលក់អាវុធឱ្យកោះតៃវ៉ាន់ និងព្រមានពីផលវិបាកធ្ងន់ធ្ងរ
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការលក់អាវុធដែលមានតម្លៃ ៣៨៥លានដុល្លារទៅឱ្យតៃវ៉ាន់ ដោយបានចាត់ទុកសកម្មភាពនេះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងជាការគំរាមកំហែង ដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់
នៃក្រុមប្រឹក្សារដ្ឋចិន បានចេញសេចក្តីថ្លែងការណ៍មួយ
ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តនេះ
និងបានអំពាវនាវឱ្យអាមេរិកបញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់ជាបន្ទាន់
និងបានព្រមានពីផលវិបាកធ្ងន់ធ្ងរ។
លោកបានព្រមានថា «បញ្ឈប់ការស្វែងរកការគាំទ្រដល់ឯករាជ្យភាពតៃវ៉ាន់
ព្រោះកិច្ចខិតខំប្រឹងប្រែងបែបនេះនឹងត្រូវបរាជ័យ...
កុំមើលស្រាលការប្តេជ្ញាចិត្តរបស់ចិនក្នុងការចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់
ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន»។
លោក Chen សង្កត់ធ្ងន់ថា
សកម្មភាពរបស់សហរដ្ឋអាមេរិក ក្នុងការលក់អាវុធឱ្យតៃវ៉ាន់
គឺផ្ទុយទៅនឹងការសន្យារបស់មេដឹកនាំអាមេរិក ដែលថានឹងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់
និងបានរំលោភគោលការណ៍ចិនតែមួយ ដែលជាគោលការណ៍ដែលចិន និងអាមេរិកបានឯកភាពគ្នា
ក្នុងឆ្នាំ១៩៨២៕
Post a Comment