ហ្វីលីពីនរួមជាមួយសម្ព័ន្ធមិត្តធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង

 ប្រភព៖ Reuters

ម៉ានីល៖ កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ហ្វីលីពីនបានធ្វើសមយុទ្ធដែនសមុទ្រ ជាមួយសហរដ្ឋអាមេរិក និងជប៉ុន នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ពោលគឺ២ថ្ងៃ ក្រោយកើតមានហេតុការណ៍ប្រឈមមុខដាក់គ្នាថ្មីមួយទៀត ជាមួយទីក្រុងប៉េកាំង នៅក្បែរតំបន់ថ្មប៉ប្រះទឹក ដែលមានវិវាទ។

កាលពីថ្ងៃពុធសប្តាហ៍នេះ ហ្វីលីពីនបានចោទប្រកាន់ថា នាវាឆ្មាំសមុទ្រចិន បានប្រើកាណុងបាញ់ទឹកប្រឆាំងមកលើនាវារបស់ខ្លួន ហើយថែមទាំងបានបើកកៀរទៀតផង នៅឯតំបន់ថ្មប៉ប្រះទឹក Scarborough Shoal នៃសមុទ្រចិនខាងត្បូង។

សមយុទ្ធខាងលើ ដែលមានការចូលរួមពីយន្តហោះល្បាត P-8A Poseidon របស់កងទ័ពជើងទឹកអាមេរិក, នាវា BRP Andres និងយន្តហោះខ្នាតតូច C-90 របស់កងទ័ពជើងទឹកហ្វីលីពីន ព្រមទាំងនាវាចម្បាំងប្រភេទ destroyer ថ្នាក់ Murasame-class ឈ្មោះ JS Samidare របស់ជប៉ុន គឺជាការធ្វើលំហាត់យោធាជុំចុងក្រោយបង្អស់ របស់ទីក្រុងម៉ានីលជាមួយសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំនេះ ចំពោះមុខការបង្កើនសកម្មភាពកាន់តែខ្លាំងរបស់ចិន នៅសមុទ្រចិនខាងត្បូង។

សូមជម្រាបថា ប្រទេសចិនទាមទារកាន់កាប់សមុទ្រចិនខាងត្បូង ស្ទើរតែទាំងស្រុង រួមទាំងតំបន់ Scarborough Shoal ហើយបានអះអាងថា សកម្មភាពរបស់ខ្លួន គឺស្របច្បាប់។ ប៉ុន្តែប្រទេសមួយចំនួន ដែលនៅជាប់តំបន់សមុទ្រនេះ បានបង្ហាញក្តីបារម្ភថា ការទាមទាររបស់​ចិន បានទន្ទ្រានមកលើតំបន់ EEZ របស់ពួកគេ៕



 

Powered by Blogger.