រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានជំនួយមនុស្សធម៍ពីសមាគមន៍សមាជិកព្រះពុទ្ធសាសនាអន្តរជាតិ

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ គ្រឿងឧបភោគបរិភោគជាច្រើនមុខ ត្រូវបានតំណាងរបស់ព្រះគ្រូ រូម៉ា នៃសមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ យកប្រគល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីទុកជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតតាមមូលដ្ឋាន។ ពិធីប្រគល់ទទួលអំណោយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោកជំទាវ មាស ម៉ូរិន តំណាងម្ចាស់ជំនួយ និងមានការចូលរួមពីលោក អភិបាលរងខេត្ត លោក លោកស្រី នាយកនាយករងរដ្ឋបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់សមាគមន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ ជាពិសេស លោកជំទាវតំណាងម្ចាស់ជំនួយ ព្រមទាំងសហការី ដែលបានចំណាយកម្លាំងកាយចិត្ត និងថវិកា ដើម្បីផ្តល់ជាជំនួយមនុស្សធម៏ដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីអាចចាត់ចែងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជួបប្រទះកង្វះខាតជីវភាព និងបងប្អូនដែលជួបគ្រោះថ្នាក់ធម្មជាតិនានា។ ឯកឧត្តម អភិបាលខេត្ត បន្តថា បច្ចុប្បន្នខេត្តមណ្ឌលគិរីបានបន្តការអភិវឌ្ឍជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហាកង្វះខាតមួយចំនួនរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏នៅមានខ្លះៗដែលជាភាពចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការបន្តជួយឧបត្ថម្ភដល់ជីវភាពរបស់ពួកគាត់។ ដូច្នេះការចូលរួមផ្តល់ជំនួយរបស់សមាគមន៍ សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិដល់រដ្ឋបាលខេត្ត គឺជាការរួមចំណែកដ៏មានសារៈសំខាន់យ៉ាងធំធេងលើការងារមនុស្សធម៏ និងជាការចែករំលែកដល់រាជរដ្ឋាភិបាលនូវការកាត់បន្ថយភាពក្រីក្រផងដែរ។

លោកជំទាវ មាស ម៉ូរិន ទីប្រឹក្សាក្រសួងបរិស្ថាននិងជាតំណាងម្ចាស់ជំនួយសមាគន៍សមាជិកព្រះពុទ្ឋសាសនាអន្តរជាតិ មានប្រសាសន៍ថា អំណោយនៃសេចក្តីស្រឡាញ់ពីព្រះគ្រូ រូម៉ា ជូនចំពោះប្រជាពលរដ្ឋខេត្តមណ្ឌលគិរីនាពេលនេះ គឺជាទឹកព្រះទ័យដល់ជ្រាវជ្រៅរបស់ព្រះគ្រូ ជូនដល់បងប្អូនអ្នកខេត្តមណ្ឌលគិរី ដើម្បីដោះស្រាយជីវភាពបានមួយផ្នែក គ្រាដែលបងប្អូនជួបប្រទះការខ្វះខាត។លោកជំទាវ មាស ម៉ូរិន មានប្រសាសន៍បន្តថា អំណោយដែលសមាគមន៍ចូលរួមចំណែកដល់រដ្ឋបាលខេត្តមណ្ឌលគិរីនាពេលនេះមាន អំបិល ស្ករ ប៊ីចេង ទឹកស៊ីអីវ ប្រេងឆា មី និងអង្ករចំនួន ៤តោន សម្រាប់ខេត្ត ដោះស្រាយតាមការជាក់ស្តែង៕






Powered by Blogger.