រដ្ឋមន្រ្តី ថោ ជេដ្ឋា ៖ វិស័យធនធានទឹកបាននិងកំពុងអភិវឌ្ឍលើផ្លូវនៃការធ្វើកំណែទម្រង់ ក្នុងគោលដៅប្រែក្លាយឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា វិស័យធនធានទឹកនៅកម្ពុជាបាននិងកំពុងអភិវឌ្ឍនៅលើផ្លូវនៃការធ្វើកំណែទម្រង់ ក្នុងគោលដៅប្រែក្លាយវិស័យនេះឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការលើកស្ទួយជីវភាពរស់នៅរបស់កសិករប្រកបដោយចីរភាព។
ថ្លែងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំសម្របសម្រួលប្រចាំឆ្នាំលើកទី២ រវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា បើទោះបីជាមានកិច្ចខំប្រឹងប្រែងយ៉ាងណា ក៏វិស័យធនធានទឹកនៅជួបបញ្ហាប្រឈមមួយចំនួនក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុហើយដែលទាមទារឱ្យមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ដោយប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងទឹកកម្រិតខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់នូវអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ហើយដែលក្នុងនោះការអភិវឌ្ឍវិស័យធនធានទឹកនៅតែជាវិស័យមួយដែលត្រូវបានយកចិត្តទុកដាក់។
Post a Comment