សន្និសីទការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ « លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល »
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកិច្ចសហការរវាងក្រសួងព័ត៌មាន និងអង្គការ យូណេស្កូ (UNESCO) បានរៀបចំសន្និសីទការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» ដែលពិធីនេះមានរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង ៨,៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សូមជម្រាបថា សន្និសីទខាងលើនេះពិតជាមានសារសំខាន់ណាស់ក្នុងជួបការជជែកពិភាក្សាគ្នា ផ្លាស់ប្តូរយោបល់គ្នា ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក៏ដូចជាការលើកឡើងពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបាននិងកំពុងកើតមានក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងសម័យឌីជីថល សំដៅរួមគ្នាស្វែងរកដំណោះស្រាយសមស្រប បន្តការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ដោយលើកយកនូវប្រធានបទចំនួន៣ មកពិភាក្សារួមមាន៖
១/ ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព
២/ ការលើកកម្ពស់ និងការពង្រឹងគុណភាពសារព័ត៌មាន
៣/ និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវត្តកម្មឌីជីថល៖ បញ្ហាប្រឈម និងកាលានុវត្តភាពនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា
ពិធីនេះក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន , លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំប្រទេសកម្ពុជា និងតំណាងស្ថានទូតស៊ុយអែត , តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធផ្សព្វផ្សាយរាប់ទាំងមន្ត្រីក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត អង្គការមិនមែនរដ្ឋាភិបាលដែលអនុវត្តការងារលើប្រព័ន្ធផ្សព្វផ្សាយ សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំ វិស័យឯកជន ដៃកូរអភិវឌ្ឍន៍នានា និងសិស្ស-និស្សិត សរុបប្រមាណ ២០០នាក់៕
Post a Comment