សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ(២០២៥-២០២៧) របស់រដ្ឋបាលក្រុង​​​ ស្រុក​​ និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី​ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ(២០២៥-២០២៧) របស់រដ្ឋបាលក្រុង​​​ ស្រុក​​ និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ដោយមានការចូលរួមពី​លោក​ ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោកស្រី ប៉ុល វ៉ាន្នីដា ប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមពីលោក អភិបាលរងក្រុង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងលោក លោកស្រីប្រធាន ឬអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សង្កាត់ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា។ រាល់គម្រោងដែលទទួលបានការគាំទ្រ និងបានចុះកិច្ចសន្យានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលក្រុងសែនមនោរម្យ ក៏ដូចជាបណ្តាឃុំ សង្កាត់ ដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យតំណាងមន្ទីរជំនាញ និងដៃគូរអភិវឌ្ឍន៍នានា យកចិត្ដទុកដាក់ពិនិត្យពិចារណាបន្ថែមទៀត ទៅលើតម្រូវការគម្រោងអាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានក្នុងតារាងម៉ាទ្រិចទាំងអស់ ដែលបានចែកជូន ដើម្បីជ្រើសរើសនូវគម្រោងដែលសមស្របទៅនឹងទិសដៅវិស័យរបស់ខ្លួន ហើយមន្ទីរជំនាញ ឬដៃគូរអភិវឌ្ឍន៍គិតថា មានថវិកាជាស្រេច ដែលផ្ដល់ដោយក្រសួង ស្ថាប័ន ឬពីម្ចាស់ជំនួយផ្សេងៗ សម្រាប់គាំទ្រគម្រោងអាទិភាព របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីអភិវឌ្ឍន៍នៅមូលដ្ឋាន ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិលនេះ គឺជាឱកាសរបស់រដ្ឋបាលក្រុង និងសង្កាត់ ដើម្បីបង្ហាញដល់អង្គសិក្ខាសាលាឱ្យបានជ្រាប និងធ្វើការគាំទ្រដល់គម្រោងសម្រាប់អនុវត្តសកម្មភាពជាអាទិភាព ស្របតាមក្របខណ្ឌអភិវឌ្ឍន៍ក្រុងសែនមនោរម្យ និងសង្កាត់ទាំង៤ ដែលមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍របស់រដ្ឋបាលក្រុងរយៈពេល០៥ឆ្នាំ។ 

លោក អភិបាលក្រុង បញ្ជាក់ថា ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​ គឺជាចំណុចជួបគ្នានៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការផ្សារភ្ជាប់កាន់តែរលូនរវាងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលក្រុង សង្កាត់ ជាមួយនឹងផែនការរបស់មន្ទីរ អង្គភាពជំនាញនានា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជននានា។ ដូច្នេះគ្រប់មន្ទីរ អង្គភាពជំនាញ ត្រូវពិនិត្យយន្តការក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពស៊ីសង្វាក់គ្នា ដោយសហការគ្នាដើម្បីជួយពង្រឹងតួនាទីរបស់រដ្ឋបាលក្រុង និងសង្កាត់៕








Powered by Blogger.