សម្តេចតេជោ ហ៊ុន សែន ឆ្លៀតសួរសុខទុក្ខ និងអនុញ្ញាតឱ្យនិស្សិតខ្មែរឥស្លាម កំពុងសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត ថតរូបអនុស្សាវរីយ៍

រីយ៉ាដ, អារ៉ាប៊ីសាអូឌីត៖ ក្នុងអំឡុងពេលស្នាក់នៅ និងទស្សនកិច្ចនៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លៀតសួរសុខទុក្ខ និងអនុញ្ញាតឱ្យនិស្សិតខ្មែរឥស្លាម ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ថតរូបអនុស្សាវរីយ៍។

កាយវិការនេះ បានបង្ហាញច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ ចំពោះសុខទុក្ខរបស់និស្សិតខ្មែរ ដែលឃ្លាតឆ្ងាញស្រុកក្នុងការស្រវាវិជ្ជា។ រសជាតិជីវិតបែបនេះ ជាមរតកជីវិតពីកុមារភាពរបស់សម្តេចតេជោ ពេលឃ្លាតឆ្ងាយគ្រួសារ ដើម្បីស្រវាវិជ្ជា ដែលសម្តេចចងចាំ និងយល់ច្បាស់បំផុតលើជីវិតសិស្សឃ្លាតឆ្ងាយស្រុក។

សូមបញ្ជាក់ថា សប្តាហ៍នេះ ពោលចាប់ពីព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ រហូតដល់ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចំនួន៤ រួមមានទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ)ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទីក្រុងអាបូដាប៊ី)។

នៅក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។

បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភានៃរដ្ឋកាតា និងជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា។

នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយេ និងជួបសម្តែងការគួរសមនិងពិភាក្សា ការងារជាមួយលោក រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយេ។ ក្រៅពីនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្រ របស់តួកគីយេផងដែរ។

នៅអេមីរ៉ាតអារ៉ាប់រួម សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក សាឃើរ ហ្គោបាហ្ស ប្រធានសភានៃអេមីរ៉ាតអារ៉ាប់រួម និងថ្វាយសវនាការសម្តែងការគួរសមជាមួយព្រះអង្គម្ចាស់ សេក្ខ មហាម៉េដ ពិន ហ្សេយឺត អាល ណាហ៊ីយ៉ាន ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម។

ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ «ការទូតសភា» ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕






 

Powered by Blogger.